ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រារព្ធអបអរសាទរ ខួប១០ឆ្នាំ ការដាក់ប្រាសាទព្រះវិហារចូលជា បេតិភណ្ឌពិភពលោក និង១ឆ្នាំនៃប្រាសាទសំបូព្រៃគុក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីនៃសាលា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែកកដ្ដា ឆ្នាំ២០១៨ បានទូងស្គរ បន្ទរសំឡេង អបអរសាទរ ខួប១០ឆ្នាំ នៃប្រាសាទ ព្រះវិហារ និងខួប១ឆ្នាំ នៃតំបន់ប្រាសាទសំបូព្រៃគុក ដែលបានចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ។

លោក ឃួង ស្រេង បានរំលឹកថា៖ ប្រាសាទព្រះវិហារ ត្រូវបានចូល ជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទ សំបូព្រៃគុក ចូលជាសម្បត្ដិ បេតិភណ្ឌពិភព លោក នាថ្ងៃទី៨ កក្កដា ២០១៧ ហើយរាជរដ្ឋាភិបាល បានសម្រេច យកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភណ្ឌពិភពលោក ទាំងពីររួមគ្នា ដែលបានឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរ ។

ចំណែកអាជ្ញាធរខេត្តព្រះវិហារ ក៏បានរៀបចំពិធីនេះដែរ នៅលើខ្នង​ភ្នំដងរ៉ែក នៃប្រាសាទព្រះវិហារ។ នៅល្ងាចថ្ងៃទី១៥ខែកក្កដានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក រួមជាមួយពលរដ្ឋកម្ពុជា រាប់ពាន់នាក់។ ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១១​នេះ ជា​ខួបគម្រប់ ១០​ឆ្នាំ ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ពិធី​សាទរ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រាសាទ​ព្រះវិហារ​។

តាម​វត្ត​អារាម និង​សាលារៀន​ នៅ​ទូទាំង​ប្រទេស បាន​ទូងស្គរ និង​វាយ​ជួង ដើម្បី​ជា​សញ្ញា​ឧទ្ទិស​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ។ ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨​។ នៅ​ថ្ងៃ​៧​កក្កដា ២០១១​នេះ ជាថៃ​ខួប ១០ឆ្នាំ​។ មន្ត្រី​រដ្ឋាភិបាល កងទ័ព​នៅ​សមរភូមិមុខ និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស បាន​ប្រារព្ធ​​ពិធី​ជួបជុំ​យ៉ាង​អធិកអធម ដើម្បី​សាទរ​ថ្ងៃ​ដ៏​វិសេសវិសាល ជា​ប្រវត្តិសាស្ត្រ​នេះ។​ដើម្បី​សាទរ​ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃ​ទី​៧​កក្កដា​នេះ តាម​វត្ត​អារាម​នានា ក៏​បាន​ទូងស្គរ​ព្រមៗ​គ្នា​។ ​ដោយឡែក​ នៅរាជធានី​ភ្នំពេញ ពិធី​សាទរ​ត្រូវបាន​អាជ្ញាធរ​ក្រុង​រៀបចំ​ធ្វើ​នៅ​ម៉ោង ៩​ព្រឹក។ នៅ​តាម​វត្តអារាម ​គ្រឹះស្ថាន​រដ្ឋ និង​​​សាលារៀន មាន​ពិធី​ជួបជុំ​ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្សសាលា ដើម្បី​ទូងស្គរ និង​វាយ​ជួង​ នៅ​ម៉ោង ៩ ព្រឹក​។​ ​មន្ត្រីរាជការ និង​សិស្សសាលា ក៏​បាន​ប្រមូលផ្តុំ​តាម​ស្ថាប័ន​នីមួយៗ ដោយ​មាន​កាន់​ទង់ជាតិ និង​ទង់​អង្គការ​យូណេស្កូ​លើក​គ្រវី ព្រមទាំង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​។

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនឹងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ.ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទ។

ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។ នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។

ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់អាជ្ញាធរជាតិព្រះវិហារ។ កាលបរិច្ឆេទសំខាន់ៗ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។ ថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាកើប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។

ថ្ងៃទី១០ខែតុលាឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភព លោកយូនីស្កូប៉ារីស។ ថ្ងៃទី២៣-២៩ខែតុលាឆ្នាំ២០០៦៖ បេសកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបនើប្រាសាទព្រះវិហារ។ ថ្ងៃទី២១ខែមករាឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។ ថ្ងៃទី២៣ខែមិថុនា-ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របស់គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក នៅហ្គ្រីសឆឺច (Christc huech) ប្រទេសណូវែលហ្សេឡង់។

លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើង នៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។

ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។

តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន សរសេរក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះ ហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់ នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។

ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី ២(៨០២- ៨៥០) ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) ព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០) ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៦០-១០៥៦) ព្រះបាទហស៌វរ្ម័នទី២ (១០៥០-១០៨០) ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩) ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖ ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។ ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។ ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយ ចំនួន នៃប្រាសាទ។

ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។ តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេនោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។

ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ អ្នកដែលសរសេរសិលាចារឹកគឺមានឈ្មោះ ហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ បានសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខ រិស្វរៈ មកតាំងមកប្រតិស្ឋនៅទីនេះៗ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។

ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជា ណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅក្រុងឡាអេ ៕ សំរិត


ចែករំលែក៖