ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទឹកជំនន់ទឹកភ្លៀងស្ទឹងសង្កែលិចការិយាល័យបោះឆ្នោត២ការិយាល័យ លិចស្រូវ៧៧៩ហិកតា លិចផ្ទះប្រជាពលរដ្ឋ១០៧ខ្នង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទឹកជំនន់ទឹកភ្លៀងពីស្ទឹងសង្កែ សេចក្តីរាយការណ៍ឲ្យដឹងនៅរសៀលថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ថា បានរងការជន់លិចការិយាល័យបោះឆ្នោត២ការិយាល័យ ជន់លិចស្រូវសរុប៧៧៩ហិកតា លិចផ្ទះប្រជាពលរដ្ឋ១០៧ខ្នង ក្នុងឃុំចំនួន២គឺឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង នៃស្រុកឯកភ្នំ ។

ការជន់លិចការិយាល័យបោះឆ្នោត លិចលំនៅឋាន និងលិចស្រូវនៅស្រុកឯកភ្នំ ជាស្រុកស្ថិតជាប់បឹងទន្លេសាប ចាប់ផ្តើមកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ គ្រាដែលទឹកស្ទឹងសង្កែ សេចក្តីរាយការណ៍ឲ្យដឹងថា ស្ថានភាពទឹកផ្នែកខាងលើនៅថ្ងៃនេះបានស្រកចុះបន្តិចទៅវិញនោះហើយ ។

អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ប្រាប់ឲ្យដឹងថា ការជន់លិចស្រូវសរុប៧៧៩ ហិកតា ក្នុងនោះស្រូវនៅឃុំព្រែកនរិន្ទ៥០ហិកតាអាចនិងរងការខូចខាតចំណែកស្រូវ៧២៩ហិកតា នៅឃុំព្រែកហ្លួង គ្រាន់តែរងផលប៉ះពាល់តែប៉ុណ្ណោះនៅឡើយនោះទេ ។

លោកប្រាប់ឲ្យដឹងទៀតថា ស្ថានភាពទឹកផ្នែកខាងលើនៃស្ទឹងសង្កែនៅថ្ងៃទី១៧ ខែកក្កដា បានស្រកចុះបន្តិច បើសិនជាស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើមិនបន្តធ្លាក់ថែមទៀតនោះទេ គឺស្រូវដែលរងផលប៉ះពាល់៧២៩ហិកតា អាចនិងទៅជាអំណោយផលល្អនោះវិញ ។ ខណៈនេះលោកនិងក្រុមការងារកំពុងបន្តចុះត្រួតពិនិត្យស្ថានភាពទឹកបន្តបន្ទាប់ទៀត ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វ៉ន ពន ប្រាប់ឲ្យដឹងថា ជុំវិញបញ្ហាទឹកជំនន់ទឹកភ្លៀងពីស្ទឹងសង្កែ គឺមានការិយាល័យបោះឆ្នោត២ការិយាល័យ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានជន់លិច ចំណែកនៅតាមបណ្តាស្រុកផ្នែកខាងលើ មិនមានបញ្ហានៅឡើយនោះទេ ។

លោកប្រាប់ឲ្យដឹងទៀតថាបញ្ហាទឹកជំនន់លិចការិយាល័យបោះឆ្នោត២ការិយាល័យ នៅឃុំព្រែកនរិន្ទ លោកកំពុងឲ្យមានការតាមដានពិនិត្យដើម្បីត្រៀមបម្រុងដោះស្រាយ ។

សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា ការធ្លាក់ភ្លៀងក្នុងបរិមាណជាង៦៦ មម នៅក្នុងតំបន់ព្រំដែនកម្ពុជា -ថៃក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដបងបានធ្វើឲ្យទឹកស្ទឹងសង្កែហក់ឡើង ។ ប៉ុន្តែក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ ទឹកស្ទឹងសង្កែនិងស្រកចុះទៅវិញ មិនមានអ្វីគួរឲ្យបារម្ភនោះឡើយ ។ ទោះបីបែបនោះក៏ដោយ ក្រសួងធនធានទឹកក៏បានរំលឹកដល់ប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមស្ទឹងសង្កែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថាជាយថាហេតុ ៕ សំ វិច្ឆិកា


ចែករំលែក៖