ភ្នំពេញ៖ ចោរឆក់២នាក់សិស្សសាលាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីលោកអាចារ្យវត្តខ្ទរបានសម្រេចតែរត់មិនរួច ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បាក់ខែង សហការជាមួយនគរបាលផ្នែកអន្តរាគមន៍ខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានទាំង២នាក់ក្រោយធ្វើសកម្មភាពរួច ។
ប្រតិបត្តិការដេញប្រផាប់ចាប់ប្រភីងជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពីម៉ោងជាង១២រសៀលថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោកចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានឈ្មោះ ឡូត សុផាត អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យព្រែកព្នៅ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិផ្សារលិច សង្កាត់ផ្សារលិច ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ព្រុំ វិចារ អាយុ១៩ឆ្នាំ មុខរបរសិស្សវិទ្យាល័យសំរោង (មានសាធាតុញៀន) ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះ តូច សុផល អាយុ៤០ឆ្នាំ មុខរបរជាអាចារ្យ វត្តខ្ទរ ស្នាក់នៅក្នុងវត្តខ្ទរ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោកអធិការរង បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាសិស្សវិទ្យាល័យ ទាំង២នាក់នេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ម៉ាកសាំសុង Galaxy ពណ៌ស សំបកក្រហម ចំនួន១គ្រឿង ជារបោះជនរងគ្រោះ និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1CX-2805 ។
ប្រភពពត៌មានពីជនរងគ្រោះឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានធ្វើដំណើរដោយជិះម៉ូតូម្នាក់ឯងទិសដៅពីលិចទៅកើតតាមផ្លូវឈ្នះឈ្នះខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ភ្លាមៗនោះគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យជួយដេញចាប់ជនសង្ស័យបានតែម្តង ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនិតិវិធី៕ ជ្រោយពេជ្រ