ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនដល់កម្រិតកាន់ដុំថ្មគប់ផ្ទះពលរដ្ឋ អ្នកដំណើរតាមផ្លូវបង្កការភ័យខ្លាច

ចែករំលែក៖

ភ្នំពេញ ៖ សូមយុវ័យទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យដូចយុវជនម្នាក់នេះអី ឃើញទេគាត់ប្រើប្រាស់គ្រឿងញៀនដល់វង្វេងស្មារតីមិនដឹងថា ក្រុមគ្រួសារឫ អាណាព្យាបាលនៅទីណាទីណីទេ បែរជាដើរតាមផ្លូវ កាន់ដុំថ្ម គប់ផ្ទះ ពលរដ្ឋ អ្នកដំណើរតាមផ្លូវធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចទើបសមត្ថកិច្ចធ្វើរឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនញៀនខាងលើ ត្រូវបានអ្នកភូមិ ប្រទះឃើញចំណុចខាងលើ តាំងពីយប់ថ្ងៃទី១៧ ខែកក្កដា មកម្ល៉េះ មិនដឹងផ្ទះសម្បែង ក្រុម គ្រួសារ នៅទីណា ដើរត្រាច់ចរ មកដល់ទីតាំងខាងលើ ក្នុងសភាព សតិមិនប្រក្រតី ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា យុវជនរូបនេះ បញ្ចេញចរឹកកោងកាច ស្រែកឡូឡា យកដុំថ្មដើរគប់ផ្ទះពលរដ្ឋ អ្នកដំណើរតាមផ្លូវ បង្កឲ្យព្រួយបារម្ភ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច មកជួយចាប់ឃាត់ យកទៅទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្រោយពីឃាត់ខ្លួនយុវជនខាងលើសមត្ថកិច្ចបានកសាងឯកសារ ដើម្បីប្រគល់ឲ្យខាងសង្គមកិច្ចរាជធានីភ្នំពេញជាអ្នកមើលថែបន្ត ៕ តុង សីហា


ចែករំលែក៖