ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់សព្វព្រះរាជហឬទ័យប្រោសប្រទានគ្រឿង ឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ដល់នាយកក្រុមហ៊ុនអេសស៊ីជី (SCG) ប្រចាំប្រទេសកម្ពុជា ដែលអេសស៊ីជីគឺជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ដើម្បីជាការទទួលស្គាល់ចំពោះកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ។
សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយបួរគ្រីព្រះរាជតំណាងព្រះមហាក្សត្របានយាងនិមន្តអញ្ជើញចូលរួមក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសនេះដល់លោក ស៊ុម វ៉ាងម៉ានភីម៉ុនឆាយ (SomwangManpimonchai) នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំប្រទេសកម្ពុជា ដែលបានចាត់ទុកថា គ្រឿងឥស្សរិយយសនោះគឺជាកិតិ្តយសដ៏ធំធេងសម្រាប់ក្រុមហ៊ុន ។
លោក ស៊ុម វ៉ាង បានមានប្រសាសន៍ថា៖ “ការទទួលបានការទទួលស្គាល់ពីព្រះមហាក្សត្រចំពោះការងារសង្គម និងការងារអភិវឌ្ឍន៍សហគមន៍នៅក្នុងប្រទេសកម្ពុជានេះគឺមិនត្រឹមតែជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់រូបខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឿងលើកទឹកចិត្តសម្រាប់បុគ្គលិកទាំងអស់គ្នានៅឯក្រុមហ៊ុនអេសស៊ីជីផងដែរ ។ ក្នុងនាមជាបុគ្គលិកក្រុមហ៊ុនអេសស៊ីជីយើងមិនត្រឹមតែយកចិត្តទុកដាក់លើការធ្វើអាជីវកម្មឲ្យទទួលជោគជ័យប៉ុណ្ណោះទេប៉ុន្តែយើងក៏យកចិត្តទុកដាក់ចំពោះភាពចម្រុងចម្រើន នៃសហគមន៍ ដែលយើងកំពុងធ្វើប្រតិបត្តិការអាជីវកម្មផងដែរ” ។
លោកបានថ្លែងបន្តទៀតថា៖“នៅក្នុងក្រុមហ៊ុនអេសស៊ីជីយើងទាំងអស់គ្នាសុទ្ធតែមានសេចក្តីតាំងចិត្តក្នុងការធ្វើជាក្រុមហ៊ុនអាជីវកម្មល្អតាមរយៈការដាក់ចេញនូវកម្មវិធីទំនួលខុសត្រូវសង្គមផ្សេងៗដូចជាការផ្ដល់អាហារូបករណ៍ដល់សិស្សពូកែការបរិច្ចាគផ្សេងៗក៏ដូចជាការអភិវឌ្ឍវិស័យកីឡាជាដើម”។
កាលពីពេលថ្មីៗបុគ្គលិក និងដៃគូផ្គត់ផ្គង់របស់អេសស៊ីជីក៏បានធ្វើការបរិច្ចាគប្រាក់ជាលើកទីពីរដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះជីវិតកុមារនៅកម្ពុជា ហើយក្រុមហ៊ុនក៏បានបន្តការគាំទ្រដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ក្នុងចំណោមយុវជននៅកម្ពុជា ៕ វឌ្ឍនា