ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចចាប់ឈើឲ្យមន្ត្រីព្រៃឈើ បែរជាលាក់អ្នកព័ត៌មាន ខ្លាចបែកការ ប្រហែលជាមានអ្វីអាថ៌កំបាំងហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តសៀមរាបបាន កក្រើកឡើងវិញគួរឲ្យព្រួយបារម្ភ ខណៈគេបានដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញនៅតាមតំបន់នីមួយៗជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសកើតឡើងជាថ្នូរ និងលាភសក្ការយ៉ាងធំធេង ហើយការចុះចាប់រថយន្តម្តងៗគឺ ដោយសារមានការផ្តល់ដំណឹងពីអ្នកសារព័ត៌មាន ទើបមានកម្លាំងសមត្ថកិច្ចចុះមកចាប់ ជាក់ស្តែងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលតាកុះ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរថយន្តសាំមយ៉ុងមួយគ្រឿងដឹកឈើលេខ១ពេញប្រៀប ហើយត្រូវបានអ្នកសារព័ត៌មាន ម្នាក់រាយការណ៍មកកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសៀមរាប ចុះមកចាប់រួចអូសយកមកឲ្យមេព្រៃក្នុងមូលដ្ឋានខាងលើនេះ ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨នេះថា រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រភេទសុក្រម និងផ្ចឹកនោះកម្លាំងរបស់លោកបានចាប់មែនហើយលោកបានប្រគល់ជូនរដ្ឋបាលព្រៃឈើរួចរាល់ហើយ ។ លោកបន្តថា បើចង់ដឹងរឿងនោះច្បាស់ សួរទៅមេព្រៃទៅព្រោះលោកកំពុងជាប់រវល់ ។

ទាក់ទិននឹងករណីនេះដែរ លោក ម៉ុង ប៉ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា រឿងនេះកូនចៅលោកមិនទាន់រាយការណ៍មកទេ ចឹងហើយលោកឲ្យរង់ចាំដំណឹងពីកូនចៅលោកសិន ។

ការទន្ទឹងរង់ចាំដំណឹងរបស់លោកនាយខ័ណ្ឌតាំងពីព្រឹករហូតដល់ល្ងាចនៅតែមិនទាន់មានដំណឹង សោះ ករណី១នេះ ប្រហែលជាមានអ្វីអាថ៌កំបាំងហើយមើលទៅ ។

ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា រថយន្តសាំមយ៉ុងនោះដឹកឈើប្រភេទសុក្រម និងផ្ចឹកពេញប្រៀបដែលមានឈើប្រមាណជា៣ម៉ែត្រគីប ។ ប្រភពបន្តថា ម្ចាស់រថយន្តមាន ឈ្មោះ ឈីវ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកកាត់តាមស្រុកបន្ទាយស្រី ចូលមកចែកចាយក្នុងក្រុងសៀមរាប ដោយរលួន ។ រថយន្តនេះម៉ាក សំាម យ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2l 18 02 ។

ជុំវិញករណីចាប់ឈើខាងលើនេះមហាជន ក្នុងស្រុកបន្ទាយស្រី មានការងឿងឆ្ងល់ថា សមត្ថកិច្ច ចាប់ឈើ បានហើយ ប្រគល់ឲ្យមេព្រៃ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហាក់មានអាថ៌កំបាំងនៅពីក្រោយ បានជាមិនចង់ផ្តល់ឲ្យអ្នកសារព័ត៌មាន ដឹង ប្រហែលខ្លាចបែកការ ព្រោះទុកចែកគ្នា ស៊ី សិន ដូចពាក្យចាស់ពោលថា(ដំរីងាប់ យកចង្អេរមកបាំង ក៏វា បាំងមិនជិតដែរ) ។ ប្រភពបន្តថា មន្ត្រីជំនាញខ្លះតែងតែចាប់ឈើហើយយកវត្ថុតាងលាក់ទុក ដើម្បីយកទៅលក់បន្ត ។

បច្ចុប្បន្ន រថយន្តដឹកឈើ ខាងលើត្រូវ សមត្ថកិច្ចអូសយកមក ប្រគល់ឲ្យមន្ត្រីព្រៃឈើ នៅព្រះដាក់ ដើម្បីរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដែលមានទីតាំងក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕ ប៊ុនរិទ្ធី


ចែករំលែក៖