ខេត្តរតនគិរី៖ បុរស២នាក់មានមុខងារជាអ្នកយកសារព័ត៌មានដូចគ្នា តែស្ថាប័នខុសគ្នា ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីផ្ទុះហិង្សារហូតឈានដល់ភាគីម្ខាងយកកូនកាំបិតចិតបន្លែចាក់ទៅលើភាគីម្ខាងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមុខមន្ទីរបរិស្ថានខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
នគរបាលប៉ុស្តិ៍បឹងកន្សែងបានឲ្យដឹងថា ជនបង្កឈ្មោះ ណាត ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកសាព័ត៌មាន CPN មានលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ អោ ឧត្ដម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសាព័ត៌មាន “តាដំបងគ្រញូង” មានទីលំនៅភូមិអូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ( រងរបួសធ្ងន់ )។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គូទំនាស់ខាលើជនរងគ្រោះនោះ ត្រូវជាប្អូនប្រុសបង្កើតរបស់ប្អូនថ្លៃជនបង្ក ហើយទាស់សំដីគ្នារឿងបង្អាប់គ្នាលេងទៅវិញទៅមក រហូតឈានដល់ផ្ទុះទំនាស់រឿងតូចទៅជារឿងធំ យកកាំបិតចិតបន្លែចាក់គ្នាតែម្តង ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកឯជនបង្កកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ជីវ័ន្ត