ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកទម្លាយសារឆ្លងឆ្លើយគ្នារវាងអតីតមន្ត្រីបក្សសង្គ្រោះជាតិ១១៨នាក់វាយប្រហារគ្នា

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់អតីតគណបក្ស សង្គ្រោះជាតិម្នាក់បានទម្លាយសារសម្ងាត់ មួយតាមរយៈហ្វេសប៊ុកកាលពីរាត្រីថ្ងៃ អាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ថា អតីតមន្រ្តីជាន់ខ្ពស់ បក្សប្រឆាំងទាំង១១៨នាក់ដែលច្បាប់ហាមឃាត់ធ្វើនយោបាយកំពុងឈ្លោះប្រកែកគ្នានិងវាយប្រហារមេដឹកនាំខ្លួនឯងពេញ Group Messenger ។

តាមរយៈហ្វេសប៊ុកមួយឈ្មោះ «ទីប្រឹក្សា នគរ» ដែលល្បីខាងទម្លាយរឿងអាថ៌កំបាំង និងរឿងអាស្រូវរបស់អតីតមេដឹកនាំបក្សប្រឆាំងបានសរសេររៀបរាប់ថា៖

«ខ្ញុំជាមនុស្សម្នាក់ដែលស្ថិតនៅក្នុង ចំណោមអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិទាំង១១៨នាក់ដែលត្រូវបានតុលាការកំពូលហាមឃាត់ ហើយក៏កំពុង ស្ថិតនៅក្នុង Group Messenger (118 Senior Leader of CNRP) ដោយឈឺចាប់យ៉ាងខ្លាំងនូវទង្វើវាយប្រហារគ្នាវាយប្រហារ ទាំងមេដឹកនាំCNRPនិងឈ្លោះប្រកែកគ្នាមិនឈប់មិនឈរ ។

ដើម្បីបន្ថយការឈឺចាប់ជាទម្ងន់របស់ខ្ញុំ ថ្ងៃនេះខ្ញុំទម្លាយនូវពាក្យពេចន៍សារឆ្លងឆ្លើយគ្នារវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលធ្វើការមិនស្របគ្នា ឈ្លោះ គ្នា ខាំគ្នា ជាពិសេសវាយប្រហារមេដឹកនាំបក្សទៀតផង។ សារនេះសូមផ្ញើជូនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដើម្បីបានដឹងរឿងពិតប្រាកដដែលកំពុងកើតឡើងយ៉ាងចម្រូងចម្រាសនៅពេលនេះ» ។

នៅក្នុងសារមួយក្នុងចំណោមសារជាច្រើនដែលត្រូវបានទម្លាយនោះបានបង្ហាញថា លោក គឹម យ៉ា បានសរសេររៀបរាប់ និងរិះគន់មេដឹកនាំរបស់ខ្លួនគឺលោក សម រង្ស៊ី តែម្តង, លោក គឹម យ៉ា បានសរសេរ យ៉ាងដូច្នេះថា «រឿងដែលលោកប្រធាន សម រង្ស៊ី លើកនិយាយពី ហ៊ុន សែន នេះយើងទាំងអស់គ្នាដឹងពីយូរមកហើយ មិនមែនទើបតែដឹងថ្មីៗនេះទេ ។

បើដឹងហើយហេតុអ្វីក៏លោក សម រង្ស៊ី ទៅឃុបឃិតជាមួយ ហ៊ុន សែន និងពង្រឹង អំណាចវាធ្វើអ្វី? កាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋងើបពេញប្រទេសធ្វើបាតុកម្មដោយសង្ឃឹមក្លាហានលះបង់គ្រប់បែបយ៉ាងគណបក្សសង្គ្រោះជាតិមានភាពស្របច្បាប់នឹងធ្វើសកម្មភាពនយោបាយអំណាច ហ៊ុន សែន ទន់ជ្រាយរង្គើ។ តែលោក សម រង្ស៊ី គ្មានគំរោងទៅយកអំណាចទេ ។

ពេលប្រជាពលរដ្ឋធ្វើបាតុកម្មពេញ ប្រទេសបែរជាគាត់មកដើរលេងនៅបរ ទេសរៀបការកូនស្រីរបស់គាត់ដោយនឹកថាសំខាន់ជាងជីវិតជាតិនិងប្រជាពលរដ្ឋ។ គាត់សម្រេចចូលសភាដោយមិនប្រាប់សហការីទាំងអស់នៅខែកក្កដា ឆ្នាំ២០១៤ ហើយ យកវប្បធម៌សន្ទនាដឹកដៃ ហ៊ុន សែន ដើរ លេងគង់តែ ហ៊ុន សែន ចាប់សមាជិកបក្សដាក់គុកជាច្រើននាក់ហើយគាបសង្កត់លោកអនុប្រធានក៏ដោយ» ។

នៅក្នុងសារសំងាត់នោះមន្រ្តីទាំង១១៨នាក់បានឆ្លងឆ្លើយប្រកែកគ្នាទៅវិញទៅមក ព្រមទាំងជេរលោក គឹម យ៉ាថា ជា មនុស្សវិកលចរិត និងជាមនុស្សឆ្កួតយូរ ហើយ។ ខាងក្រោមនេះជាសារឆ្លងឆ្លើយសំងាត់ចំនួន៣០របស់អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង១១៨នាក់ឈ្លោះគ្នា និង វាយប្រហារមេដឹកនាំខ្លួនឯងពេញ Group Messenger ៕ ហេង សូរិយា


ចែករំលែក៖