ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលជាជាងផ្សាដែកបានឆក់ស្លាប់ភ្លាមៗនៅពេលកំពុងតែផ្សាដែកធ្វើផ្ទះ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនបឋមសិក្សា មា.នក ស្ថិតក្នុងភូមិមា.នកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ុន អឹម ភេទប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិពារាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យជាមេជាងផ្សាដែក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើការងាររបស់ខ្លួន ដោយផ្សាគ្រោងឆ្អឺងដែកធ្វើជាផ្ទះ ក្នុងពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះគ្រោងឆ្អឺងរួចបានផ្សាជាបន្តបន្ទាប់ ស្រាប់តែផ្សាបានមួយសន្ទុះក៍ឆក់ជនរងគ្រោះ បណ្តាលឲ្យធ្លាក់ពីលើដំបូលមកដីស្លាប់តែម្តង ។
ភ្លាមៗនោះអ្នកស្រុកបានមកជួយសង្រ្គោះដែរ តែមិនអាចជួយទាន់ គឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីពិនិត្យ តាមការធ្វើកោសល្យវិច្ច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន និង ប្រគល់សពឲ្យទៅក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា