ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់អណ្តែតទឹកកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៥ កក្កដា ២០១៨នេះ នៅចំណុចតាមដងទន្លេសាប ស្ថិតក្នុងភូមិតាមែ ឃុំកំពង់ឧស ស្រុកពញឮ ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលទាំងព្រឹក។
ក្រោយពីទទួលបាន ព័ត៌មាននោះ កម្លាំងប្រជាការពារភូមិ បាននាំគ្នាយកទូកទៅអូសទាញយកសពមកអែបច្រាំង ហើយរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍។ បន្ទាប់មកកម្លាំងជំនាញ បានចុះទៅពិនិត្យសាកសព ដោយមានការចូលរួមពីមន្ត្រីថ្នាក់ក្រសួងខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និងលោកគ្រូពេទ្យ ហើយបានសន្និដ្ឋានជំហានដំបូងថា សពស្លាប់ដោយសារលង់ទឹក។បន្ទាប់មក គណៈកម្មការពិនិត្យសព បានយកសាកសព ទៅតម្កល់នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំសាច់ញាតិមកពីប្រទេសចិនទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
យ៉ាងណាតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ZHANG YULO ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលគ្រឿងចក្រ មានទីលំនៅក្នុងខេត្ត HUANN ប្រទេសចិន។ មកស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EB4823468 ។ សពនេះត្រូវបានសមត្ថកិច្ចសង្ស័យ ថាជនរងគ្រោះទៅដើរកម្សាន្ត ហើយទៅងូតទឹកទន្លេទើបលង់ស្លាប់ដោយគ្មានអ្នកណាដឹង ៕ សហការី