ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង ចុះអនុវត្តដីកាចំនួន២ របស់តុលាការខេត្តតាកែវ បានចាប់ខ្លួនជនដៃដល់២នាក់ ដែលបានសម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅចំណុចភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ស្នងការរងនគរបាលខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃនេះ ឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើនេះ នៅវេលាម៉ោង៩៖១៥នាទីនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយជនជាប់ចោទជាប់ពាក់ព័ន្ធករណីប្លន់សម្លាប់ ជនរងគ្រោះនៅខេត្តតាកែវ។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០៨៤ និង០៨៥ ដ.បន.ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញរបស់សាលាដំបូងខេត្តតាកែវ កម្លាំងនគរបាល ខេត្តបាត់ដំបង សហការកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តតាកែវ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទបាន២នាក់ នេះតែម្តង។
ជនជាប់ចោទទី១៖ ឈ្មោះ ផាន់ បញ្ញារិទ្ធិ ភេទប្រុស អាយុ១៧ឆ្ន នាំរស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទី២៖ ឈ្មោះ ហុន ធីតា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសមធ្យោបាយផ្សេងៗ (ប្លន់សម្លាប់) ជនរងគ្រោះឈ្មោះ ណុប លឹមហេង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនសង្ស័យត្រូវបានបញ្ជូនជនល្មើសឱ្យទៅកម្លាំងនគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕