ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងមកឈប់នៅលើចិញ្ចើមផ្លូវដោយរងចាំមិត្តភក្តិម្នាក់ទៀត ស្រាប់តែមានបុរសជាជនជាតិវៀតណាមម្នាក់ក្នុងចំណោមពីរនាក់បានដើរមកជិតដោយមានកាន់ពូថៅបែរជាវាយដំបូលរថយន្តបណ្តាលអោយរងការខូចខាត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខឃ្លាំងស្តុបអេតចាយមួយកន្លែង តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ ធិម មិនា ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកលក់ដើមផ្កា ស្នាក់នៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
បើតាមសម្តីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តមួយគ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ទើបតែដឹកជីមកពីម្តុំហ្គ្រែនភ្នំពេញក្នុងគោលបំណងដឹកយកទៅដាក់នៅផ្ទះ។ ខណះធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានឈប់ចតរថយន្តនៅលើចិញ្ចើមផ្លូវដើម្បីចាំមិត្តភក្តិម្នាក់ដែលមាននៅផ្ទះក្បែរនោះ។
ប្រភពដដែលបានបន្តថា មួយសន្ទុះក្រោយមក ក៏មានបុរសជនជាតិវៀតណាមម្នាក់កំពុងឈរនៅខាងមុខឃ្លាំងអេតចាយខាងលើ បន្ទាប់មកក៏ស្រាប់តែបុរសជាជនជាតិវៀតណាមម្នាក់ទៀតបានដើរឆ្លងផ្លូវសំដៅទៅរថយន្តរបស់ជនរងគ្រោះដោយដៃមានកាន់ពូថៅមួយផងដែរ រួចក៏ស្រែកសួរជនរងគ្រោះថា «ហែងឈប់ឡានចាំអីគេ» រួចបានយកពូថៅដែលនៅនិងដៃវាយទៅលើដំបូលរថយន្តរបស់ជនរងគ្រោះបណ្តាលអោយក្រពឹត។ ភ្លាមៗនោះដោយជនរងគ្រោះភ័យពេកក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍។ ខណៈពេលដែលសមត្ថកិច្ចមូលដ្ឋានមកដល់បុរសជាជនជាតិវៀតណាមទាំងពីរអ្នកនោះបានរត់គេចខ្លួនចូលទៅក្នុងឃ្លាំងអេតចាយខាងលើបាត់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនដៃដល់យកមកដាក់ទោសទៅតាមផ្លូវច្បាប់៕អរុណរះ