ភ្នំពេញ ៖ ពលរដ្ឋដែលរស់នៅអតីតរោងចក្រកាត់ដេរ គង់ ហុង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាច់ចរន្តអគ្គិសនីតាំងពីយប់ទល់ព្រឹកនៅតែមិនទាន់ឆេះវិញ ទើបរាយការណ៍ទៅភ្នាក់ងារអគ្គិសនីកម្ពុជាឲ្យចុះមកត្រួតពិនិត្យមើល ទើបដឹងថាមានចោរមានបច្ចេកទេសបិទប៉ារ៉ែត និងឧបករណ៍កាត់យ៉ាងត្រឹមត្រូវ ធ្វើសកម្មភាពឆ្កឹះសោរលួចចូលក្នុងប៊ីនភ្លើង កាត់យកខ្សែភ្លើងមេមានទំហំប៉ុន.កដៃអស់ប្រវែងប្រមាណជា៩ម៉ែត្រយកទៅបាត់ដោយសុវត្ថិភាព ។
ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការប៊ីនភ្លើងដែលមានលេខ ប.ត ៥០៥ ដែលមានទិតាំងនៅខាងមុខដីឡូតិ៍អតីតរោងចក្រកាត់ដេរ គង់ ហុង ផ្លូវព្រះមនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមមន្ត្រីអគ្គិសនីកម្ពុជាម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង១០ព្រឹកថ្ងៃកើតហេតុ ដោយខាងអគ្គិសនីកម្ពុជា បានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅសួរពួក គាត់ថា «ហេតុអ្វីបានជាដាច់ភ្លើងយូរម្លេះ?» ។ ទើបពួកគាត់បានចុះមកកាន់ការប៊ីនភ្លើងខាងលើដើម្បីធ្វើការត្រួតពិនិត្យមើលឲ្យដឹងពីមូលហេតុ បន្ទាប់ពីពួកគាត់មកដល់ភ្លាម ស្រាប់តែបានឃើញទ្វារកាប៊ីនភ្លើងបិទជិតជាធម្មតាតែមិនឃើញមេសោរនោះទេ ។ ភ្លាមនោះពួកគាត់ក៏បើទ្វារបើកចូលទៅមើល ស្រាប់តែបានឃើញមេសោរធ្លាក់នៅលើដីខាងក្នុងកាប៊ីន និងឃើញបារ៉ែតភ្លើងត្រូវបានគេទាញបិទ និងមានស្នាមកាត់យកខ្សែភ្លើងមេដែលមានទំហំប៉ុន.កដៃអស់ប្រវែងប្រមាណជា៩ម៉ែត្រយកទៅបាត់ ទើបបុគ្គលិករាយការណ៍ទៅប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានតែម្តង ។
មន្ត្រីអគ្គិសនីកម្ពុជាដដែល បានបន្តទៀតថា ករណីនេះដែរដោយក្រុមចោរបាននាំគ្នាឆ្កឹះសោរដែលចាក់ខាងក្រៅចូលទៅក្នុងកាប៊ីន រួចហើយបិទបារ៉ែតភ្លើងត្រឹមត្រូវទើបធ្វើសកម្មភាពដោះ និងលួចកាត់យកខ្សែភ្លើងទាំងអស់នេះដោយមានបច្ចេកទេសយ៉ាងត្រឹមត្រូវ ទើបធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីដល់ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងប្លុកនេះ ។
ក្រោយកើតមន្រ្តីអគ្គិសនីកម្ពុជា បាននាំគ្នាប្រញាប់ធ្វើការជួសជុលដើម្បីឲ្យពលរដ្ឋមានភ្លើងប្រើប្រាស់វិញ ចំណែកក្រុមចោរបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមជនដៃដល់យកមកធ្វើការផ្តន្ទាទោសទៅតាមច្បាប់ ៕ ស រស្មី