ភ្នំពេញ ៖ រថយន្តក្រុមហ៊ុនសុិនទ្រីសង្ស័យហ្វ្រាំងមិនសុីជ្រុលទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវវៀចខុសទម្រង់ដើមចំនួន៣កង់។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តបង្ក ជារថយន្តដឹកសម្រាម របស់ក្រុមហ៊ុនសុិនទ្រី អ្នកបើកបរ ឈ្មោះ ផុន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្តសុិនទ្រី ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
អ្នកបើកបររថយន្តខាងលើ បានឲ្យដឹងថា មុនកើតហេតុគាត់បានបើករថយន្តមកពីប្រមូលសម្រាមវិញក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវ៥៩៨ លុះមកដល់ចំណុចខាងលើ មានរថយន្តប្រភេទទួរីស១២កៅអី បើកខាងមុខ ពីខាងស្តាំរថយន្តរបស់គាត់ បត់ឆ្លងផ្លូវទៅឆ្វេង ធ្វើឲ្យគាត់ព្យាយាមជាន់ហ្វ្រាំងតែមិនជាប់ ទើបបួងចង្កូតគេច បែជាជ្រុលទៅបុកកៀររបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង តែកាលបើមិនបួងចង្កូតវិញ ច្បាស់ប្រាកដជាបុកគូទរថយន្តនោះជាមិនខាន ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចនាំយករថយន្តខាងលើរួមទាំងសម្រាមពេញឃ្លប់ផង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រង់ចាំដោះស្រាយពេលក្រោយ ៕ តុង សីហា