ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ និងក្មេងប្រុសម្នាក់ឈ្លក់ទឹកស្លាប់ទាំង២ ខណៈហែលទឹកដេញគោស៊ីស្រូវអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់យុវជនម្នាក់ និងក្មេងប្រុសម្នាក់បានស្លាប់ឈ្លក់ ទឹកប្រឡាយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះអកុសលហួសពេលទៅហើយ ខណៈដែលពួកគេឆ្លងប្រឡាយទឹកទៅដេញគោ ដែលកំពុងស៊ីស្រូវរបស់អ្នកភូមិ ។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ២នាក់ដែលឈ្លក់ទឹកស្លាប់មានឈ្មោះឆោម វីរៈ អាយុ២២ឆ្នាំ​ មុខរបរកសិករ រស់ នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និង ឈ្មោះ ផុន ស៊ីណាល់ អាយុ១២ឆ្នាំ មុខរបរសិស្សរស់នៅភូមិព្រៃខ្លា ឃុំពោធិរាជស្រុកស្វាយជ្រំ ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា នៅថ្ងៃកើតហេតុមានក្មេងប្រុសម្នាក់ និងយុវជនម្នាក់បាននាំគ្នាទៅមើលគោនៅស្រែ ក្រោយមកហ្វូងគោទាំងនោះបានចុះទឹកឆ្លងប្រឡាយដើរស៊ីស្រូវរបស់គេ ។

ប្រភពបន្តថាបន្ទាប់ពីឃើញសភាពការណ៏បែបនេះពួកគេទាំង២នាក់ ក៏នាំគ្នាចុះហែលទឹក ដើម្បីទៅដេញគោទាំងនោះ ខណៈចុះប្រឡាយទឹកហែលឆ្លង ដើម្បីទៅដេញគោនោះ ស្រាប់តែឈ្លក់ទឹក និងស្រែកឲ្យអ្នកភូមិ ប៉ុន្តែយឺតពេលទៅហើយបណ្តាលឲ្យលង់ទាំង២នាក់យ៉ាងសង្វេគបំផុត ។

សពអ្នកទាំង២ត្រូវបានប្រជាពលរដ្ឋនាំគ្នាលើកបីចេញពីប្រឡាយទឹកយកមកទីលំនៅរបស់គ្រួសារសពទាំងក្ដុកក្ដួលសោកសង្រែងបំផុត ៕ យឹម សុថាន


ចែករំលែក៖