ប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតូទៅដឹកប្រពន្ធត្រូវររថយន្ត១គ្រឿងបុកស្លាប់នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក នៅខាងជើងផ្សារត្រីចម្ងាយប្រហែល១០០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង(អត់ស្គាល់) នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពសមត្ថកិច្ចប្រាប់ថា មុនកើតហេតុរថយន្តបង្ករ ពណ៌សស្លាកលេខ1541 អត់ស្គាល់ម៉ាក បើកក្នុងទិសដៅពីកើតទៅលិចមានល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួនមិនបង្អង់ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅស្លាកលេខ បន្ទាយមានជ័យ 1D-3489 ពីជើងទៅត្បូងបានជ្រុលមកមុខ ក៏រថយបង្ករបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ចំណែកប្រពន្ធជនរងគ្រោះបានបន្ថែមឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូទៅយកគាត់(ប្រពន្ធ)ដើម្បីទៅចូលរួមដង្ហែបក្សនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។
លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋានបានឲ្យដឹងថា រថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានទៅដល់ឃាត់ម្ចាស់ និងរថយន្ត ឯម៉ូតូជនរងគ្រោះបានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធី ៕ វណ្ណា