ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រា បើកបរថយន្តគេចពីម៉ូតូក៏ជ្រុលទៅបុករបងឃ្លាំងបាក់នឹងខ្ទេចរថយន្ត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកបរថយន្តមួយគ្រឿង យ៉ាងលឿន ហើយបានគេចពីម៉ូតូក៏ជ្រុលទៅបុកឃ្លាំងស្តុកសំបកកង់រថយន្ត បណ្តាលឲ្យបាក់របងនឹងខូចខាតរថយន្ត សំណាងល្អនៅក្នុងហេតុការណ៍មិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៣៧ ចំណុចឃ្លាំងស្តុកសំបកកង់រថយន្តមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹង បានបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-4719 តាមបណ្តោយផ្លូវ៣៣៧ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានគេចម៉ូតូមួយគ្រឿង មិនចាំម៉ាក ដែលកំពុងតែធ្វើដំណើរនៅខាងមុខ ហើយរថយន្តបានបួងចង្កូតទៅខាងឆ្វេងគេចពីម៉ូតូ ក៏ជ្រុលទៅបុករបងថ្មឃ្លាំងបណ្តាលឲ្យរបងជញ្ជាំងថ្ម និងសរសថ្មរមួយបាត់រលំសង្កត់លើរថយន្តមួយ គ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ស គ្មានស្លាកលេខ ដែលឈប់ចតនៅក្នុងឃ្លាំង ចំណែករថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងមុខ ស្ទើរទាំងស្រុង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖