ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កឹះសោទ្វារគុករត់គេចខ្លួនអស់ជាង៣ខែ ទើបចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ចាប់ឃាត់ខ្លួនបាន បន្ទាប់ពីឆ្កឹះសោរទ្វាបន្ទប់ឃុំខ្លួនជនសង្ស័យទាំង២នាក់នេះ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយរត់គេចខ្លួនបាត់អស់រយៈពេលជាង៣ខែ ទើបចាប់ខ្លួនបាន ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ជូ លីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររើសអេតចាយស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទុកសារធាតុញៀនក្នុងទឹកនោម ពាក់ពន្ធ័នឹងករណី ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ដែលប្រព្រឹត្តិកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤ ខណះដែលជនសង្ស័យនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆ្កឹះសោទ្វាបន្ទប់ពលរដ្ឋ​ តែត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ភ្លាមៗ ចំណែកឯជនសង្ស័យខាងលើព្យាយាមរត់គេចពីការឃុំខ្លួនរបស់សមត្ថកិច្ច ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង២និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ ជូ លីន និងឈ្មោះ វ៉េង មាស សំណាង ពីបទ ប៉ុនប៉ងលួច យកទ្រព្យសម្បត្តិ ហើយក៏នាំខ្លួនទាំង២នាក់នោះយកមកសាកសួរនៅប៉ុស្តិ៍ ។ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤ ជនសង្ស័យទាំង២នាក់បានឆ្កឹះសោរទ្វាបន្ទប់ឃុំខ្លួនជនសង្ស័យទាំង២នាក់ប្រុងរត់គេចខ្លួន តែសមត្ថកិច្ចបានដេញចាប់បានឈ្មោះ វ៉េវ មាសសំណាង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកឈ្មោះ ជូ លីន បានរត់គេចខ្លួនរហូត ។ លុះដល់វេលាម៉ោង១និង៤០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍បឹងទំពុន២ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ជូ លីន ដែលរត់គេចខ្លួនយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា

 


ចែករំលែក៖