ខេត្តកំពង់ចាមៈ រថយន្ត Ford Express មួយគ្រឿង ខណៈកំពុងបើកបរលើផ្លូវសុខៗស្រាប់តែឆ្លងចរន្តខ្សែភ្លើងចេញពីម៉ាស៊ីន បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃ ចន្ទ ៣ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវាលវង់យន្តហោះ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយកើតហេតុនោះ កម្លាំងពន្លត់អគ្គិភ័យនគរបាលខេត្តកំពង់ ចាម បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងរថយន្តអគ្គិភ័យខេត្តកំពង់ចាម ចុះទៅបាញ់ពន្លត់រថយន្ត ដែលរងការឆេះនោះភ្លាមៗផងដែរ។
លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងផែនបង្ការ និងពន្លត់អគ្គិភ័យខេត្ត បានឲ្យដឹងថា រថយន្តដែលឆេះនោះម៉ាក Ford Express ស្លាកលេខភ្នំពេញ ២Q-៣០៧៧ ជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយក្នុងការបាញ់បន្លត់នោះ កម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ ហើយករណីនេះដែរ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕ សហការី