ខេត្តប៉ៃលិន៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក ជាថ្ងៃប្រវត្តិសាស្រ្ត ដែលព្រះរាជាណាចក្រកកម្ពុជា បានរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដោយលើកទី១ ឆ្នាំ១៩៩៣ លើកទី២ ឆ្នាំ១៩៩៨ លើកទី៣ ឆ្នាំ២០០៣ លើកទី៤ ឆ្នាំ២០០៨ លើកទី៥ ឆ្នាំ២០១៣ និងលើកទី៦ ឆ្នាំ២០១៨នេះ ចំណែកខេត្តប៉ៃលិន បោះឆ្នោតបានតែ ៥អណត្តិ ចាប់ពីឆ្នាំ១៩៩៨មក បន្ទាប់ពីតំបន់នេះ បានធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៦ ។
ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានអញ្ជើញទៅបោះឆ្នោតទៅការិយាល័យរបស់ខ្លួន ដោយទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា និងបានមកពីព្រឹកព្រលឹមស្រាងៗមកម្ល៉េះ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ បេក្ខជនតំណាងរាស្ត្រ ក៍បានអញ្ជើញមកឈរតម្រង់ជួរ ជាមួយប្រជាពលរដ្ឋ នៅតាមការិយាល័យបោះឆ្នោត ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ដើម្បីបំពេញកតព្វកិច្ចជាពលរដ្ឋកម្ពុជា ។
បើតាមការបញ្ជាក់របស់ឯកឧត្តមផាន់ចាន់ធុលអភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ នៅខេត្តប៉ៃលិន បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៍ គ្មានការបង្ខិតបង្ខំ គ្មានអំពើហឹង្សា គឺប្រកបដោយអព្យាក្រិតភាព ត្រឹមត្រូវល្អប្រសើរ តាមលទ្ឋិប្រជាធិបតេយ្យចំពោះសណ្តាប់ធ្នាប់ក៍មានភាពល្អប្រសើរដែរដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត បានដាក់ការិយាល័យ ទៅតាមភូមិជិតៗផ្ទះប្រជាពលរដ្ឋ ងាយស្រួលពួកគាត់មកបោះឆ្នោត ដោយក្តីសប្បាយរីករាយ ។
ចំណែកលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយអនុវត្តន៍តាមផែនការរបស់រាជរដ្ឋាភិបាលក៍ដូចជាគណៈបញ្ជារការសន្តិសុខអចិន្ត្រៃសម្រាប់ការបោះឆ្នោត គណៈបញ្ជារការដ្ឋាបាលសាលាខេត្ត បានរៀបចំការការពារការបោះឆ្នោតនេះ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដោយបានដាក់កម្លាំងការពារ ចំនួន ៣៥៤នាក់ នៅតាមការិយាល័យទូទាំងខេត្ត ក្រៅពីនេះបានរៀបចំកម្លាំងត្រៀមអន្តរាគមន៍ តាមស្រុក/ក្រុងចំនួន ៥០នាក់ និងមានកម្លាំងប្រជាការពារផងដែរ ដើម្បីជួយការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ព្រមទាំងត្រៀមរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក៍បានត្រៀមសម្រាប់ជួយសង្គ្រោះអ្នកបោះឆ្នោតផងដែរ។
ប្រជាពលរដ្ឋដែលបានអញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ បានបង្ហាញនូវភាពសប្បាយរីករាយ ដោយម្នាក់ៗមានការស្ទុះស្ទារដឹងនៅកត្តព្វកិច្ចរបស់ខ្លួន ហើយពួកគាត់សង្ឃឹមថា៖ គណបក្សដែលពួកគាត់គាំទ្រ នឹងជាប់ឆ្នោតដើម្បីដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន ជាពិសេសជួយដោះស្រាយរាល់ទុក្ខលំបាក និងសំនូមពររបស់ពួកគាត់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើឡើងថែមទៀត។
សូមបញ្ជាក់ថា៖ នៅខេត្តប៉ៃលិន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន ៣៨១៥១នាក់ ដោយមានការិយាល័យបោះឆ្នោតចំនួន ១១៨ នៅក្រុងប៉ៃលិន ចំនួន ៥៨ការិយាល័យ និងស្រុកសាលាក្រៅ ចំនួន ៦០ការិយាល័យ ដោយមានគណបក្សនយោបាយប្រកួតប្រជែង ចំនួន១១គណបក្ស (គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួមរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា)មានភ្នាក់ងារគណបក្សក្នុងការិយាល័យចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួមរួមជាតិ និងអ្នកសង្កេតការណ៍ ចំនួន ៦ (សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ អង្គការតំណាងជនពិការខេត្ត សមាគមន៍គ្រឹះស្ទានឧត្តមសិក្សាកម្ពុជា សហព័ន្ធនិស្សិត្តបញ្ញាវ័ន្តប្រជាធិបតេយ្យ និងអង្គការសុខភាពយើង) ៕ ស សារ៉េត