ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យធាក់ម៉ូតូផ្ដួលដើម្បីប្លន់ តែម្ចាស់ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន២នាក់វាយឡើងប៉ោងមុខ ឯម្នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ចំណោមបក្ខពួក ៣នាក់ត្រូវបាននគរបាលប៉ុស្តិ៍វាលស្បូវឃាត់ខ្លួនភ្លាមៗក្រោយពីជាប់ពាក់ព័ន្ធករណីវាយប្លន់មិនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងយប់ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ចំណុចមុខដីឡូត៍ គ្មានលេខ ផ្លូវ ជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនងគ្រោះមិនស្គាល់ឈ្មោះ ភេទ ស្រី អាយុប្រហែល ៣០ឆ្នាំ ជនជាតិ ខ្មែរ (ជិះម៉ូតូចេញទៅបាត់) ។ ចំណែកជនសង្ស័យទី១ឈ្មោះ ផៃ បុរី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រទឹកកក ស្នាក់នៅភូមិដើម ចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យទី២ ឈ្មោះ បូ វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

លោក ស្វាយ ដារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុវេលាម៉ោង១២យប់ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា អាយខន ពណ៌ក្រហម លាយស មិនចាំស្លាកលេខ ដោយជិះចេញពីភ្នំពេញ ទៅផ្ទះនៅស្រុកកំណើតកៀនស្វាយ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ស មិនចាំស្លាកលេខ បានជិះតាមជនរងគ្រោះ មកពីក្រោយគៀ រួចធាក់ជនរងគ្រោះឲ្យដួលម៉ូតូ ហើយភ្លាមនោះជនសង្ស័យម្នាក់បានចុះទៅលើកយកម៉ូតូជនរងគ្រោះតែ បញ្ឆេះមិនឆេះ ជនរងគ្រោះក៏ស្រែកចោរៗផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ រួមជាមួយប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាមកជួយ ពេលនោះជនសង្ស័យម្នាក់បានបើកម៉ូតូរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យ២នាក់ផ្សេងទៀតបាននាំគ្នារត់គេចខ្លួនចូលភូមិក្តីតាកុយ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានជនសង្ស័យ រួចវាយជនសង្ស័យម្នាក់ជាំភ្នែក របួសធ្ងន់ ភ្លាមនោះនគរបាលប៉ុស្តិ៍ល្បាតទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ត្រូវបាននគរបាលប៉ុស្តិ៍វាលស្បូវសួរនាំ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖