ភ្នំពេញ ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ កម្មករ-កម្មការិនីប្រមាណជាង១០០នាក់បានមកអង្គុយនិងឈរត្រៀបត្រានៅខាងមុខរោងចក្រជូលី អឹភែរឹល នៅភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ បន្ទាប់ពីម្ចាស់ដីបានយកសោមកចាក់បិទទ្វាររោងចក្រ និងឃ្លាំង បន្ទាប់ពីថៅកែរោងចក្របានចងកសម្លាប់ខ្លួន ។
តាមការរៀបរាប់របស់កម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រខាងលើបាន ឲ្យដឹងថា ពួកគាត់គឺមានបំណងចង់ឲ្យ តំណាងខាងរោងចក្រជួយសម្រួលបើកទ្វាររោងចក្រដើម្បីឲ្យពួកគាត់បានចូលធ្វើការដូចដើមវិញដោយពួកគាត់មិនទាន់បាន បើកប្រាក់ឈ្នួលនៅឡើយទេ ។
ក្រុមកម្មករបានសំណូមពរទៅលោកដែលជាម្ចាស់ដីសូមបន្តជួលដីឲ្យខាង តំណាងរោងចក្របន្តទៀតដើម្បីឲ្យឱកាសដល់ពួកគាត់ធ្វើការបន្តទៅទៀតដើម្បីមានប្រាក់បៀវត្សសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
ក្នុងនោះអ្នកស្រី ឡុង សុផល ជាកម្ម ការិនីបម្រើការងារនៅរោងចក្រខាងលើ បានសំណូមពរឲ្យភាគីខាងម្ចាស់ដីមេត្តា យោគយល់ដល់កូនខ្មែរខ្លះផងបើសិនជាម្ចាស់ដីផ្តាច់កិច្ចសន្យាជួលមែននោះពួកគាត់ពិតជាប្រឈមទៅនឹងការអត់ការធ្វើ។ ម្យ៉ាងវិញទៀតពួកគាត់នៅមិនទាន់បានបើកប្រាក់បៀវត្សនោះទេណាមួយដល់ពេលត្រូវបង់ថ្លៃឈ្នួលផ្ទះការហូបចុក ការចាយវាយ ប្រចាំថ្ងៃ អ្នកខ្លះក៏ជំពាក់ធនាគារឯកជន ផងដែរ ។
ទាក់ទងបញ្ហានេះខាងតំណាងរោង ចក្រ ជូលី អឹភែរឹល បានប្រាប់ថា នាពេល នេះខាងរោងចក្របានប្រគល់ការងារជូនទៅខាងក្រសួងការងារជាអ្នកដោះស្រាយ ដោយសារតែថៅកែស្លាប់ទាំងដែលគាត់ មិនដឹងធ្វើអ្វីទាក់ទងនឹងវិធានការ ឬដំណោះ ស្រាយយ៉ាងណានោះទេ ។
ដោយឡែកពាក់ព័ន្ធរឿងម្ចាស់ដីដែលបានចាក់សោរោងចក្រ និងឃ្លាំងនោះខាងតំណាងរោងចក្រសុំមិនបកស្រាយទេទុកឲ្យក្រសួង និងអាជ្ញាធរមូលដ្ឋានជាអ្នកដោះ ស្រាយចុះ ។
គួររំលឹកថា រោងចក្រខាងលើចាប់ផ្តើម ដំណើរការកាលពីខែមករា ឆ្នាំ២០១៨កន្លង ទៅមានកម្មករកម្មការិនីបម្រើការងារជាង ២០០នាក់ មានថៅកែជាជនជាតិកូរេ៉ឈ្មោះ JU DOO SOO ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M514956932 KOR មុខរបរក្រុមហ៊ុនរោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្នាក់នៅផ្ទះជួលបានចងកធ្វើអត្តឃាតដោយសារមានវិបត្តិផ្លូវចិត្ត ៕ ហេង សូរិយា