ខេត្តឧត្ដរមានជ័យ ៖ អតីតមន្ត្រីបក្ស ប្រឆាំងម្នាក់បានបង្កើតព័ត៌មានមិនពិត មួយដែលបានធ្វើឲ្យសាធារណមតិក្នុង បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ ច្រឡំទៅលើប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ ពាក់ព័ន្ធនឹងទឹកថ្នាំជ្រលក់ដៃបោះឆ្នោត កាលពីថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ព្រោះម្រាមដៃ ចង្អុលទាំង២របស់អ្នកស្រីប្រឡាក់ទឹកថ្នាំ ដោយចោទអ្នកស្រីថាបោះឆ្នោត២ដង និង បានលុយ២ដង ។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជា សាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ពីរូបថតលើកម្រាមដៃចង្អុលប្រឡាក់ទឹកខ្មៅទាំង២អមដោយពាក្យដែលមានន័យថា ស្ដ្រីរូបនេះ បានទៅបោះឆ្នោត២ដង និងបានលុយ២ ដងជាដើម ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hang Meang khou ជាអតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិបានបង្ហោះរូបភាពនេះដើម្បីមួលបង្កាច់ជនរងគ្រោះក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនឹងការបោះឆ្នោតទៀតផង ។
ក្រោយពីទទួលបានព័ត៌មានតាមការ បង្ហោះតាមហ្វេសប៊ុកនោះអាជ្ញាធរ និង សមត្ថកិច្ចខេត្តឧត្ដរមានជ័យបានស្រាវជ្រាវ និងចុះទៅសួរនាំផ្ទាល់ជាមួយនឹងស្រ្តីដែលប្រឡាក់ម្រាមចង្អុលទាំង២ជាលទ្ធផល ទើបដឹងការណ៍ពិតច្បាស់ថាមិនដូចការចោទប្រកាន់តាមខ្លឹមសារបង្ហោះក្នុងបណ្ដាញ សង្គមហ្វេសប៊ុកនោះឡើយ ។
ស្រ្តីរងគ្រោះរូបនេះឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ មានមុខរបរជាអ្នកលក់ គុយទាវ និងបបរ រស់នៅក្នុងភូមិគោកវត្ត ឃុំ-ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ត្រូវ បានគណនីហ្វេសប៊ុកHang Meang Khou យករូបថតអ្នកស្រីលើកចង្អុលដៃប្រឡាក់ទឹកថ្នាំបោះឆ្នោតទាំង២មួយសន្លឹកទៅ បង្ហោះអមដោយខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកនេះនៅតាមដងផ្លូវទៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យខ្ញុំបានឈានចូលញាំ អាហារពេលព្រឹកបងស្រីបង្ហាញចង្អុលដៃទាំង២របស់គាត់ឲ្យខ្ញុំមើល គាត់សួរខ្ញុំថា ហេតុអ្វីប្អូនអត់ទៅបោះឆ្នោត? ហើយគាត់ អួតប្រាប់ខ្ញុំថា ចំណែកខ្ញុំបោះឆ្នោតបាន២ ដងបានលុយ២ដង» ។
តាមការបំភ្លឺបន្ថែមពីស្ត្រីរងគ្រោះបានអះអាងថា គាត់មិនបាននិយាយអ្វីដូចហ្វេសប៊ុកឈ្មោះ Hang Meang Khou សរសេរ បង្ហោះនោះទេ ។
ស្រ្តីរងគ្រោះឈ្មោះ ជឿយ ចាន់នី បាន រៀបរាប់ថា អ្នកស្រីជាអ្នកលក់សាច់ជ្រូក ដោយដៃរអិលខ្លាញ់ជ្រលក់លើកទី១មិនសូវដិតដោយសារអិលខ្លាញ់ជ្រូកគាត់ក៏យកដៃម្ខាងទៀតច្រលំជ្រលក់ទើបបណ្តាលឲ្យដិតម្រាមចង្អុលទាំងសងខាងតែម្តង។ ក្រោយបោះឆ្នោតក៏មានគេសួរអ្នកស្រី អ្នកស្រីក៏បានរៀបរាប់ការណ៍ពិតដែលមិនមែនជាចេតនាទុច្ចរិតដូចមានក្នុងឃ្លីបវីដេអូ ខាងលើ។ អ្នកស្រីអះអាងថា អ្នកសួរហើយ បានថតរូបអ្នកស្រីយកទៅបង្ហោះនោះគឺ ផ្ទុយពីការណ៍ពិតទាំងស្រុង ។
ក្រោយបញ្ចប់ការសាកសួរស្រ្តីរងគ្រោះខាងលើសមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យបាននិងកំពុងតាមប្រមាញ់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hang Meang Khou ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន