ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ សិទ្ធិបោះឆ្នោតមិនស្ថិតលើក្រុមប្រឆាំងទេ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាង ថា ពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនស្ថិតនៅលើអតីតគណបក្សសង្គ្រោះជាតិដែលជា បក្សប្រឆាំងនោះទេ ។

ការលើកឡើងនេះបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ប៉ុន្តែអតីតមន្ត្រីបក្សប្រឆាំងអះអាងថា ពួក គេបាត់សិទ្ធិបោះឆ្នោត ។

លោក សុខ ឥសាន បានឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ថា នៅពេលដែលអតីតបក្សប្រឆាំងត្រូវ បានរំលាយដោយតុលាការកំពូលតាមបទល្មើសធ្ងន់ធ្ងររបស់បក្សនេះ មិនមែនមាន ន័យថា ប្រជាពលរដ្ឋដែលធ្លាប់គាំទ្រអតីតបក្សប្រឆាំងបាត់សិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋរបស់ខ្លួនឡើយ ។

លោក សុខ ឥសាន បានបន្តថា «បង ប្អូនទាំងនោះនៅតែជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដដែល ហើយនៅមានសិទ្ធិ ពលរដ្ឋយ៉ាងពេញលេញដែលបងប្អូនបានទៅបោះឆ្នោតជាធម្មតាដូចប្រជាពលរដ្ឋ កម្ពុជាទូទៅដែរដែលធ្វើឲ្យចំនួនប្រជាពលរដ្ឋបានបោះឆ្នោតកើនដល់ជាង៨២ភាគរយ» ។

លោកបានបញ្ជាក់ថា «ចំនួនដ៏ច្រើននៃអ្នកទៅបោះឆ្នោតសបញ្ជាក់ថា បងប្អូន ដែលធ្លាប់គាំទ្រអតីតបក្សប្រឆាំងបានចូលរួមបោះឆ្នោតដោយបោះបង់ចោលអតីត បក្សប្រឆាំង ដោយសារតែអតីតបក្សប្រឆាំង នេះបានធ្វើនយោបាយបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឥតឈប់ ឈរធ្វើឲ្យអស់ជំនឿ។ ដូច្នេះសិទ្ធិបោះឆ្នោត ស្ថិតនៅលើប្រជាពលរដ្ឋ មិនមែនស្ថិតនៅ លើអតីតបក្សប្រឆាំងនោះទេ» ។

សូមជម្រាបថា កាលពីពេលកន្លងទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិប តេយ្យលោក ខឹម វាសនា ធ្លាប់បានលើក ឡើងថា អ្នកដែលធ្លាប់គាំទ្រអតីតគណបក្ស សង្គ្រោះជាតិបាននាំគ្នាបោះឆ្នោតឲ្យគណបក្សកាន់អំណាចស្ទើរតែទាំងអស់ បើតាមលទ្ធផលនៃចំនួនអ្នកទៅបោះឆ្នោតអាណត្តិទី៦នេះប្រៀបធៀបនឹងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥ កន្លងទៅ ៕ ហេង សូរិយា


ចែករំលែក៖