ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តចំនួន២រងការជន់លិចដោយទឹកភ្លៀង និងទឹកជំនន់ពីបឹងទន្លេសាបបង្កឲ្យលិចផលដំណាំស្រូវកសិករច្រើនពាន់ហិកតា

ចែករំលែក៖

បាត់ដំបង-បន្ទាយមានជ័យ៖ ខេត្តចំនួន២គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបានរងការជន់លិចដោយទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ពីបឹងទន្លេសាបបង្កឲ្យលិចលង់ដំណាំស្រូវរបស់ប្រជាកសិកររាប់ពាន់ហិកតានោះហើយ ។ គ្រាដែលស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ពីបឹងទន្លេសាបបាន និងកំពុងបន្តគំរាមកំហែងជន់លិចដំណាំស្រូវចំនួន៣ស្រុកខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជន់លិច១ស្រុក ។

​មន្រ្តីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងលោក ហេង សិទ្ធិ ប្រាប់ឲ្យដឹងថា បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ខេត្តបាត់ដំបងស្រុកចំនួន៣ ជាប់បឹងទន្លេសាបគឺស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងប្ញស្សីបានជន់លិចផលដំណាំស្រូវជាង៣ពាន់ហិកតា ស្រុករងគ្រោះធ្ងន់ធ្ងរជាងគេគឺស្រុកឯកភ្នំ​ ខូចខាតទាំងស្រុង១៣១៣ហិកតា រងផលប៉ះពាល់២០២៧ ហិកតា ស្រុកមោងប្ញស្សីចាប់ផ្តើមលិចរងផលប៉ះពាល់ជាង២០០ហិកតា និងស្រុកសង្កែរងផលប៉ះពាល់ជាង២០០ហិកតាផងដែរ ។

​លោកប្រាប់ឲ្យដឹងទៀតថា បញ្ហាទឹកជំនន់ជន់លិចផលដំណាំស្រូវនៅក្នុងស្រុកខាងលើ គឺផ្តើមពីទឹកភ្លៀងក្នុងស្រុក ទឹកស្ទឹងសង្កែ និងទឹកជំនន់ពីបឹងទន្លេសាបហើយបានជន់លិចរយៈពេល២សប្តាហ៍ចុងក្រោយនេះ ។

​ជុំវិញបញ្ហាលិចលង់ផលដំណាំស្រូវប្រជាកសិករនៅខេត្តបាត់ដំបងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១ ខែសីហា នេះថា ស្ថានភាពទឹកមិនទាន់មានបញ្ហាអ្វីនៅឡើយនោះទេទាំងទឹកស្ទឹងសង្កែ និងទឹកក្នុងអាងកំពីងពួយ ហើយក៏មិនទាន់លិចលង់រងផលប៉ះពាល់ដំណាំស្រូវអ្វីនៅឡើយនោះផងដែរ ។

​ចំណែកខេត្តបន្ទាយមានជ័យនោះវិញក្នុង ស្រុកមង្គលបូរី ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅថ្ងៃទី១ ខែសីហា នេះ នៅតែបន្តគំរាមកំហែងលិចលង់ផលដំណាំស្រូវរបស់ប្រជាកសិករ ប្រមាណ២ពាន់ហិកតា ។

​អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ប្រាប់ឲ្យដឹងថា ទឺកផ្នែកខាងលើពីខេត្តបាត់ដំបងបាន និងកំពុងបន្តហូរធ្លាក់បុកចំស្រុកមង្គលបូរីដោយឡែកទឹកភ្លៀងក្នុងស្រុកបានធូស្បើយ ។ ស្ថានភាពលិចលង់រងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករធ្ងន់ធ្ងរនៅក្នុងឃុំរហាត់ទឹក ដោយឡែកឃុំសឿ និងឃុំចំណោម មិនទាន់មានបញ្ហាផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយនោះទេ គ្រាន់តែទឹកស្ទឹងមង្គលបូរី បាន និងកំពុងហូរពេញប្រៀប ។ អាជ្ញាធរខេត្ត និងមន្ទីរជំនាញកំពុងចាត់វិធានការដោះស្រាយ ។ លោកក៏បានជម្រុញបងប្អូនប្រជាកសិករប្រមូលផលច្រូតកាត់ឲ្យបានឆាប់រហ័ស ដំណាំស្រូវនៅផ្នែកខាងក្រោមមិនទាន់ជន់លិចនោះ ។

​លោកអភិបាលស្រុកមង្គលបូរី ប្រាប់ឲ្យដឹងទៀតថា ទោះបីក្នុងស្ថានភាពទឹកជំនន់ទឹកភ្លៀង រងការជន់លិចផលដំណាំស្រូវប្រជាកសិករជាបន្តបន្ទាប់នោះ ប៉ុន្តែតម្លៃស្រូវនៅតែមានហាងឆេងល្អ ៕ សំ វិច្ឆិកា


ចែករំលែក៖