ព័ត៌មានទាន់ហេតុការណ៍៖

វាយសម្លាប់ប្រពន្ធជាប់គុក៤ឆ្នាំ ចេញមកវិញព្យាយាមចងកធ្វើអត្តឃាតរហូតបានសម្រេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បង្កការភ្ញាក់ផ្អើលមួយទាំងកណ្ដាលថ្ងៃចែស នៅគ្រាប្រទះឃើញបុរសម្នាក់ចងកធ្វើអត្តឃាតនៅលើដើមស្វាយក្បែរផ្ទះ ដែលគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតស្ទើរតែសសៃប្រសាទទៅហើយនោះ ព្រោះគាត់ទើបនឹងចេញពីពន្ធនាគារចុងឆ្នាំ២០១៧ នេះទេ ដោយសារវាយប្រពន្ធនឹងអង្រែបុកគ្រឿងស្លាប់ចោលកូនប្រុសស្រីចំនួន ៤នាក់ ។

ហេតុការណ៍ប្រទះឃើញបុរសចងកធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចដើមស្វាយខាងជើង ឈៀងខាងលិចផ្ទះចម្ងាយប្រមាណ ៣០ម៉ែត្រ ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ជនរងគ្រោះ(ស្លាប់)ដោយចងកនឹងខ្សែអង្រឹងពណ៏ត្រេអុីព្យួទៅមែកស្វាយធ្វើអត្តឃាតនេះ ឈ្មោះ ឆោម ហេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ឈុក រដ្ឋា អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) និងកូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

ក្នុងរបាយការណ៍បន្តថា លោក យាយ អ៊ូ ឃន ភេទស្រី អាយុ ៨១ឆ្នាំ ត្រូវជាអ៊ុំ ស្រីបង្កើតរបស់ជនរងគ្រោះរៀបរាប់ ក្មួយប្រុសរបស់គាត់(ជនរងគ្រោះ)នេះ តាំងពីមករកសុីនៅប្រទេសថៃវិញ មានសតិមិនល្អនោះទេ ហើយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ គេបានវាយប្រពន្ធនឹងអង្រែបុកគ្រឿងរហូតស្លាប់ចោលកូនប្រុសស្រីចំនួន ៤នាក់ ហើយ ក៏ទើបនឹងចេញពន្ធនាគាចុងឆ្នាំ២០១៧ នេះដែរ គេបានព្យាយាមធ្វើអត្តឃាតដោយចងកនេះ២ទៅ៣ដងរួចមកហើយនោះដែរ ។

របាយការណ៍ដដែលបន្តទៀតថា មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវស្រង់យកចម្លើយជាវត្ថុតាង លទ្ធផល៖ លើខ្លួនប្រាណសាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ក្នុងករណីឃាតកម្មនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖