ភ្នំពេញ៖ ដោយសារតែរឿងប្រចណ្ឌប្រពន្ធ បានធ្វើឲ្យបុរសជាប្តី ទើបតែមានអាយុ៣៤ឆ្នាំសោះ មានកូនរហូតដល់៤នាក់ សម្រេចចងកសម្លាប់ខ្លួនទុកឲ្យប្រពន្ធក្លាយជាស្ត្រីម៉េម៉ាយ និងកូន៤នាក់កំព្រាឪពុក ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ៧ដេ ក្នុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សាកសពឈ្មោះ វ៉េង សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រកការងារមិនទាន់បានធ្វើ មានស្រុកកំណើត នៅភូមិកណ្ដាល ឃុំសែនជ័យ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកប្រពន្ធមានឈ្មោះ ស៊ុ សុធា អាយុ២៩ឆ្នាំ សុំការងារបានធ្វើហើយ តែមិនទាន់ដល់ថ្ងៃចូល មានស្រុកកំណើត ភូមិច្រេស ឃុំជើងរាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។
យោងតាមការបំភ្លឺពីភាគីខាងប្រពន្ធ បានឲ្យដឹងថា ពួកគាត់បានរៀបការតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ហើយមុនពេលកើតហេតុ ប្តីបានរករឿងឈ្លោះជាមួយនាងប្រហែលជាប្រចណ្ឌពេលនោះនាងបានប្រាប់គាត់ថាបើនៅរករឿងខ្ញុំបែបនេះទៅផ្ទះហើយប្តីក៏ប្រាប់ថាបើអញ្ចឹងខ្ញុំឈប់រករឿងឈ្លោះឯងហើយកុំទៅអី ។
នាងតបថា ឯងនិយាយឲ្យរួចតែពីមាត់ទេ ភ្លាមនោះនាងដើរចេញទៅរកម៉ូតូឌុបនៅក្បែរនោះ តែមិនមានម៉ូតូឌុបទេ នាងក៏ដើរមកបន្ទប់ជួលវិញ ស្រាប់តែឃើញទ្វារបន្ទប់ត្រូវបិទ នាងបានច្រានទ្វារតែមិនរួចក៏បើកបង្អួចបានឃើញខ្សែភ្លើងពណ៌ខ្មៅធ្លាក់ចេញពីក្នុងដំបូលផ្ទះប្រក់ស័ង្កសី។ បន្ទាប់មកនាងបានទៅហៅឈ្មោះថេត សុខឡេង ភេទប្រុស ដែលជួលបន្ទប់នៅជិតគ្នា ដើម្បីមកជួយមើលគាត់បានលូកដៃតាមបង្អួចឆ្កឹះមេសោដែលស្ពក់ចេញរួចគាត់បានចូលទៅក្នុងបន្ទប់ហើយប្រាប់នាងថា«ប្តីបងឯងចងកក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ» រួចគាត់ក៏មកក្រៅបន្ទប់វិញចំណែកនាងក៏ដើរចេញមកខាងមុខបន្ទប់ដែរ។
សាកសពបុរសខាងលើ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចឃើញថាពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕ ចាន់ធឿន