ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តបែនដឹកក្រួសបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូក និងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូឆ្លងកាត់ផ្លូវខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តបែនដឹកក្រួសចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងកាលពីថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក លើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិ ចក ឃុំកំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះម៉ា ថាន ភេទ អាយុ 57ឆ្នាំមុខរបរកសិករ រស់នៅ ភូមិត្រពាំងផ្អាវ ឃុំ ពងទឹក ស្រុក រំដួលខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា គុបមូលពណ៌ស្លែ ពាក់ស្លាកលេខ ស្វាយរៀង 1B 3091 ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តមានឈ្មោះ មុំ សុភ័ក្រ្ក ភេទប្រុស អាយុ 45ឆ្នាំ មានទីលំនៅភូមិ ចំការចេក ឃុំស្វាយយា ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងមានម៉ូតូម៉ាកហុងដា គុបមូលពណ៌ស្លែ ពាក់ស្លាកលេខ ស្វាយរៀង 1B 3091 បើកបរដោយ បុរសម្នាក់ធ្វើដំណើតាមផ្លូវជាតិលេខ១៣ពីកើតទៅលិច ហើយមកដល់ចំណុចកើត ក៏បានជិះឆ្លងផ្លូវពីត្បូងមកជើងខ្វះការប្រុងប្រយត្ន័ ស្រាប់តែមានរថយន្តមួយគ្រឿងដឹកថ្មម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខ ស្វាយរៀង 3A 7666 ចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូ និងមនុស្សបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែងព្រមទាំងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖