ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាន់មីនផ្ទះរងរបួសធ្ងន់បន្ទាប់ពីវិលត្រឡប់មកពីដាក់អន្ទាក់សត្វវិញ

ចែករំលែក៖

ប៉ោយប៉ែត៖ ​បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដាច់ជើងទាំង២ និងរយះខ្លួនប្រាណជួបគ្រោះថ្នាក់ជាន់មីនផ្ទុះនៅចំណុចលូ៣ ចន្លោះបង្គោលព្រំដែនលេខ២៧-២៨ កាលវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក វរៈសេនាតូច៨០៧ ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿន នី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់អន្ទាក់សត្វ នៅទឹកដីថៃ បន្ទាប់មក បានវិលត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុខាងលើ បានដើរជាន់មីន កប់កាលសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះរងបួសដាច់ជើងឆ្វេង និងជើងស្តាំ និងរងរបួសខ្លួនប្រាណដាច់រយះរហែកធ្ងន់ធ្ងរទៀតផង រួចត្រូវក្រុមគ្រួសារ និងសមត្ថកិច្ចអន្តរាគមន៍នាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ ៕ វណ្ណា


ចែករំលែក៖