ខេត្តពោធិ៍សាត់៖ បុរសអ្នកជំងឺម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅមន្ទីរពេទ្យ និងចំនួន ៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់បីលើកផ្សេងៗគ្នា នៅស្រុកបាកាន ។
ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិ.ឃុំខ្នារទទឹង ស្រុកបាកាន រវាងអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 4410 ឌុបឪពុកមានជំងឺខ្យល់គរក្នុងគោលបំណងទៅមន្ទីរពេទ្យ ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តម៉ាក ហាយឡែនឌ័រ ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ អ្នកមានជំងឺខ្យល់គរ ចំណែកអ្នកបើកបរម៉ូតូ និងអ្នករួមទាំងដំណើរម្នាក់ទៀតរងរបួសយ៉ាងដំណំផងដែរ ប៉ុន្តែភាគីទាំងសង់ខាងមិនប្តឹងផ្ដល់គ្នាទេព្រោះត្រូវជាបងប្អូន ។
ដោយឡែក៖ យោងតាមរបាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងដែរថា ល្ងាចថ្ងែខែដដែលនោះក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន រវាងអ្នកបើកម៉ូតូម៉ាក សង់កូរ៉េ ពណ៏ក្រហម សណ្ដោងរឺម៉ក និងម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 1859 បណ្ដាលឲ្យភាគីខាងម៉ូតូម៉ាក វ៉េវអាល់ហ្វា របួសធ្ងន់ ។
របាយការណ៍ខាងលើបន្តថា នៅវេលាម៉ោង៧ និង៤៥នាទី ព្រឹកថ្ងៃព្រហស្សត្តិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩.២១០ ស្ថិតក្នុងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត រវាងអ្នកបើកបរម៉ូតូម៉ាក សុីប៊ីអ៊រ(CBR) ពណ៏ក្រហម គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូម៉ាក ឃ្លីក ពណ៏ស គ្មានស្លាកលេខ ខណៈកំពុងធ្វើចរាចរណ៍ស្របទិសគ្នា ម៉ូតូសុីប៊ីអ៊រជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 8308 បណ្ដាលឲ្យភាគីបើកបរម៉ូតូម៉ាក CBR របួសបាក់ដៃស្ថាំ(ធ្ងន់) អ្នករួមដំណើររបួស(ស្រាល) ចំណែកខាងម៉ូតូម៉ាក ឃ្លីក របួសបាក់ដៃជើងខាងឆ្វេង(ធ្ងន់) ឯអ្នករួមដំណើររបួសក្បាល(ធ្ងន់) និងខាងម៉ូតូម៉ាក វ៉េវអាល់ហ្វា របួសក្បាល(ធ្ងន់) ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីលើកនេះ ជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកបាកាន ដោយឡែកវត្ថុតាងម៉ូតូទាំងចំនួន ០៤គ្រឿង រួមទាំងម៉ូតូសណ្ដោងរឺម៉ក សមត្ថកិច្ចនគរបាលបានយកមករក្សាទុកជាបណ្ណោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៉ឹម ពិន