ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជនសង្ស័យ៥នាក់ពាក់ព័ន្ធឆក់កាបូប និងប្លន់៣ ករណី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យវ័យក្មេងចំនួន៥នាក់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណី ឆក់កាបូប២ករណី និងវាយប្លន់ករណីនៅរាជធានីភ្នំពេញ ។

ការបង្ហាញមុខជាសាធារណៈនេះធ្វើឡើងនាព្រឹកម៉ោង៩ ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីពេលកន្លងមកថ្មីៗនេះ ។

នគរបាលឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះទី១ឈ្មោះ សុធាសផានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ៥៥៦ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជននេះបានធ្វើសកម្មភាពឆក់កាបូបចំនួន២ករណី នៅខណ្ឌសែនសុខ និង ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ និង ឆក់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ហើយសមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចបន្ទប់ជួល លេខ២០១ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនសង្ស័យ៤នាក់ទី១ ឈ្មោះកែវ ភារុណ ហៅប៊ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលឹកបោះពុម្ភ នៅផ្ទះជួល ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

ទី២ ឈ្មោះ អុិចចក្រី ហៅហ្វ័រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ លេខ៩បេ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ទី៣ ឈ្មោះ ឆាវ សំអិត ហៅរាជ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលឹកបោះពុម្ភ នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ទី៤ឈ្មោះ ណុច តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យសេរីមង្គល នៅ ភូមិឫស្សីជ្រោយ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ នគរបានឱ្យដឹងថា ទាំង៤នាក់នេះ ឃាត់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានសប្បាយសប្បាយ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាក ស៊ុយស៊ូគីនិចពណ៌ស លាយក្រហម សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AS4917 ពីជនរងគ្រោះឈ្មោះសានទិត្យ ភេទប្រុសអាយុ២៤ឆ្នាំ ជាបុគ្គលឹកផ្សារអេអន២ ស្នាក់នៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ SCG ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

បន្ទាប់បង្ហាញមុខជាសាធារណៈ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៥នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ អរុណរះ


ចែករំលែក៖