ព័ត៌មានទាន់ហេតុការណ៍៖

ទុកឲ្យតុលាការធ្វើកមន្ត្រីយោធាម្នាក់ដែលដកកាំភ្លើងវាយជនរងគ្រោះ​ករណីគ្រោះថ្នាក់ចរាចរណ៍នោះចុះ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ដែលដកកាំភ្លើងវាយជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសបែកក្បាលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នោះ សមត្ថកិច្ចគ្រោងនឹងបញ្ជួនជននេះទៅតុលាការដើម្បីធ្វើកហើយ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ ។

សមត្ថកិច្ចខណ្ឌសែនសុខបញ្ជាក់ប្រាប់ភ្នាក់ងារនគរវត្តថា ជនបង្កឈ្មោះ នួន ប៉ូ កើតឆ្នាំ ១៩៦៩ ជាមន្ត្រី យោធា ឋានន្តរសក្តិ វរសេនីយ៍ទោ (សក្តិ ៤ កន្លះ )អត្តលេខ ០៥៩០៥១ មុខងារ នាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរៈ ប្រើប្រាស់ អាវុធ ខ្លី P08 លេខ ៥៨៥៤ ។

ប្រភពរំលឹកថា មុនដំបូងឡើយមានបុរសម្នាក់ទំនងពិសារគ្រឿងស្រវឹង បើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ សូម្បីតែនិយាយគ្នាមួយម៉ាត់ បែរជាបើករថយន្តរត់គេច តាំងពីមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ហើយរថយន្តបង្កបើករត់ចេញទៅដល់កែងផ្លូវ ហាណូយ ជនរងគ្រោះដេញតាមទាន់ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្កហៅបក្ខពួកជាមន្រ្តីយោធា ពាក់សក្តិ៤កន្លះ បើករថយន្តព្រុសមកដល់ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតថ្កាជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅ ផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមេីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 4119 ។ រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ស ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ។
តែបើតាមមន្រ្តីយោធារូបនោះ អះអាងថា ពេលដែល ពលរដ្ឋប្រទូស្តរ៉ាយជាមួយគាត់ ពលរដ្ឋ ជនរងគ្រោះ វាយទាំងរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ ទើបគាត់សម្រេចចិត្ត ទាញកាំភ្លើងមក កាន់ខាងចុងកាណុង វាយលើជនរងគ្រោះតែម្តង។

សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន គ្រោងបញ្ជូនបន្តទៅកាន់តុលាការ៕
តុង សីហា


ចែករំលែក៖