ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកសុទ្ធកិនក្មេងប្រសសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងប្រុសសិស្សសាលាម្នាក់បានជិះកង់មកពីសាលា ត្រូវបានរថយន្តដឹកទឹកសុទ្ធមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន បានពារកិនបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៤៥នាទី លើផ្លូវលំ ចំណុចភូមិព្រែកផ្ដៅ ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ (កូរ៉េ)ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2F-7049 បើកបរដោយឈ្មោះ ស ឡា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមម្រេញ ឃុំគរស្រុក ព្រៃឈរខេត្តកំពង់ចាម។ ចំណែកក្មេងប្រុសរងគ្រោះជាអ្នកជិះកង់ឈ្មោះ ស្រស់ ម៉េងស្រុឺ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិព្រែកផ្ដៅ ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងប្រុសរងគ្រោះជិះកង់ចេញពីសាលារៀន ក្នុងទិសដីពីត្បូងមកជើង លុះជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េដឹកទឹកសុទ្ធមួយគ្រឿង បើកក្នុងទិសដៅស្របគ្នា ក៏បានមកពៀរកង់ក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យដួល និងកិនស្លាប់តែម្ដង ។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានវាស់វែង និងយកមធ្យោបាយទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំណែកសព ជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯជនសង្ស័យឈ្មោះ ស ឡា បានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីសាក់សួរ ។

សមត្ថកិច្ចថា គ្រោះថ្នាក់ខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្ត បើកខ្វះការប្រយ័ត្ន ទើបបានជាបុកពារក្មេងប្រុសយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖