ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ បានប្រាប់ថា នៅចំណុចស្ពានក្អោង លើផ្លូវជាតិលេខ ៤ ចំណុចគីឡូម៉ែត្រលេខ ១៣៨-១៣៩ ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យចរាចរណ៍កកស្ទះ និងផ្អាកបណ្តោះអាសន្ន ចាប់តាំងពីម៉ោងជាង១០កន្លះព្រឹក ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបញ្ជាក់ថារថយន្តដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍នេះ ជារថយន្តប៉ែនដឹកថ្ម ក្បាលរថយន្តពាក់ស្លាកលេខ ព្រះសីហនុ 3A-6795 ចំណែកកន្ទុយរថយន្តខាងក្រោយពាក់ស្លាកលេខ 4A-3396 មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដល់ចំណុចខាងលើបានបុកជាប់បង្កាន់ដៃស្ពាន បណ្តាលឲ្យកកស្ទះចរាចរណ៍ទាំងស្រុង ។ ក្រោយកើតហេតុសមត្ថកិច្ចកំពុងអន្តរាគមន៍ស្ទូចយកចេញ និងថាចរាចរណ៍ និងដំណើរការឡើងវិញនៅពេលស្ទូចយករថយន្តនេះបាន ។
មកដល់ម៉ោងជិត១១ថ្ងៃត្រង់នេះ ចរាចរណ៍សមត្ថកិច្ចបើកម្ខាងបិទម្ខាង អាចឆ្លងកាត់បានជាបណ្តើរៗ៕ ឆ្លាម សមុទ្រ