ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​យោធា​អាង​អំណាច​យក​កាំភ្លើង​វាយ​អ្នក​លក់​ប្រហិត​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​ ដែល​យក​កាំភ្លើង​វាយ​អ្នក​លក់​ប្រហិត​បណ្ដាល​ឱ្យ​បែក​ក្បាល​​ នៅ​ថ្ងៃទី​០៥​ ខែ​សីហា​ នេះ​ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែនសុខ​ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ នួន ប៉ូ ភេទប្រុស អាយ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ យ៉ែម វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ របួសដៃខាងស្តាំ និងរបួសក្បាលលើសៀតផ្កាខាងឆ្វេង ។

សមត្ថកិច្ច​ អះអាង​ពី​ដំណើរ​រឿង​ថា​ ករណី​នេះ​ កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​០២​ ខែ​សីហា​ នៅ​ចំណុច​តាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

មុនពេលកើតហេតុ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមេរីបាឡែនរបស់ខ្លួន ដល់ចំណុចកើតហេតុ បានបុកជាមួយរឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណះ រួចឈ្មោះ សៅ ចាន់ធី មិនឈប់រថយន្តធ្វើការដោះស្រាយ ទើបឈ្មោះ យ៉ែម វណ្ណះ យកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តា​ឱ្យ​បែកញ្ចក់​ខាងស្តាំ និងបានផ្លាតដុំថ្មទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ ។

ភ្លាមនោះ ជនសង្ស័យឈ្មោះនួន ប៉ូ បានយកកាំភ្លើងខ្លី ម៉ាកP08ពីក្នុងឡានរបស់ខ្លួន វាយមកលើជនរងគ្រោះបណ្តាឱ្បែកក្បាលលើសៀតផ្កាខាងឆ្វេង ។

បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ នួន ប៉ូ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ៕  ចេស្តា

 

 


ចែករំលែក៖