ភ្នំពេញ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលខ្លួន បន្ទាប់ពីខូចចិត្តប្តីចុះចោលហើយមិនធ្វើការងារ អីគិតតែផឹកស្រាថ្នាំរាល់ថ្ងៃ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុច បន្ទប់ជួលលេខ៦ ជាន់ទី១ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ខឿន ហៅម៉ែអ៊ូខុង អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ត្រូវបានប្ដី ចុះចោលប្រហែលកន្លះខែមុនមកហើយ រួចហើយជនរងគ្រោះ ក៏ខូចចិត្ត ក៏បានផឹកស្រាស ស្រាថ្នាំ រាល់ថ្ងៃ រហូតដល់ម៉ោងកើតហេតុខាងលើ លឺកូនតូចរបស់គាត់ យំខ្លាំងពេក ក៏ឡើងទៅមើល ក៏ឃើញ ជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ និងធ្វើកោសល្យវិច័យ ហើយក៏សន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារតែខ្យល់គរ ។ បច្ចុប្បន្នសពរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ