ភ្នំពេញ : លទ្ធផលក្លែងក្លាយចំនួន៨៨តោន ដែលគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ក្រាបបាននាពេលកន្លងមកត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាននៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា : នាពេលកន្លងមកគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្រ្កាបផលិតផលក្លែងក្លាយចំនួន៤ករណី និងរឹបអូសវត្ថុតាងចំនួនសរុប៨៨តោនក្នុងនោះមាន : ១-ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយខុសច្បាប់ , ២-ករណីបើកទីតាំងផលិតសាច់បាតេមិនអនុលោមតាមច្បាប់,៣-ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និង៤-ករណីនាំចូលផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាកSaint Amand ទឹកសុទ្ធម៉ាកEvian ស្រាបៀរម៉ាកCorona និងផលិតផលមួយចំនួនទៀត ។ ក្នុងឱកាសនោះដែរលោកនាយឧត្តមសេនេនីយ៍មៀច សុផាន់ណា ប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា : យើងបានបង្ក្រាបករណីផលិតផលក្លែងក្លាយចំនួន៤ករណីនាពេលកន្លងមកក្នុងនោះ : ករណីទី១- នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ក្រុមប្រតិបត្តិការពិសេសនៃគណ:កម្មាធិការប្រយុទ្ធផលិតផលក្លែងក្លាយបានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ស្ថិតនៅភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅដកហូតបានវត្ថុតាងចំនួន១០មុខស្មើនឹង៧តោនឃាត់ខ្លួនជនសង្ស័យបាន១នាក់។ ករណីទី២-នៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៨ បានចុះបង្ក្រាបករណីបើកទីតាំងផលិតប៉ាតេមិនអនុលោមតាមច្បាប់ស្ថិតនៅផ្លូវលំ(២០០៤)សង្កាត់ទឹកថ្លាខណ្ឌសែនសុខដកហូតវត្ថុតាងចំនួន១៤មុខស្មើនឹង០៥តោន។ករណីទី៣-នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៨បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ស្ថិតនៅផ្ទះលេខ២អឺ០ ផ្លូវលេខ២២៦ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដកហូតបានវត្ថុតាងចំនួន១៣មុខស្មើនឹង១៨តោន។ករណីទី៤-នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៨ បានចុះង្ក្រាបករណីនាំចូលផលិត និងវិចខ្ចប់ក្លែងក្លាយ និងខុសច្បាប់នូវផលិតផលទឹកសុទ្ធម៉ាកSaint Amand , ទឹកសុទ្ធម៉ាកEvian,ស្រាបៀរម៉ាកCorona និងផលិតផលមួយចំនួនទៀតស្ថិតនៅផ្ទះលេខ១៣បេ ផ្លូវលំភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតបានវត្ថុតាងចំនួន១៣មុខស្មើនឹង៥៨តោន។
គួររំលឹកថា : ផលិតផលក្លែងក្លាយ និងសារធាតុគីមីជាង១០០តោនត្រូវបានគណះកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកម្ទេចចោលនៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បង្ក្រាបផលិតផលក្លែងក្លាយក្នុងឆ្នាំ២០១៧ បាន១៩ករណី រឹបអូសវត្ថុតាងសរុបចំនួន ៥៩៧,៥តោន ធ្វើពិធីដុតបំផ្លាញចោល ៨១តោន ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។យោងតាមរបាយការណ៍របស់គណៈកម្មាធិការនេះ បានបញ្ជាក់ថា បទល្មើសដែលបង្ក្រាបបានភាគច្រើនពាក់ព័ន្ធនឹងការនាំចូលស្តុកទុក និងចែកចាយផលិតផលគ្រឿងសំអាងក្លែងក្លាយ និងខុសច្បាប់ ការនាំចូល ស្តុកទុក និងចែកចាយសារធាតុគីមីខុសច្បាប់ ការកែច្នៃ និងចែកចាយផលិតផលពីសាច់សត្វដោយខុសច្បាប់ ការផលិត និងកែច្នៃគ្រឿងទេសគ្មានស្តង់ដារ និងគ្មានអនាម័យ។តាមរយៈការអនុវត្តប្រកាសរួម និងផែនការអនុវត្តប្រកាសរួម និងផែនការអនុវត្តរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្តីពីការគ្រប់គ្រងគុណភាពសេវាកម្ម និងវិធានការទប់ស្កាត់ការធ្វើចរាចរណ៍ផលិតផលសុខាភិបាលខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ដើម្បីសុខភាព និងសុវត្ថិភាពសង្គម មកដល់ពេលនេះ ពិនិត្យឃើញថា បាតុភាព នៃការបង្កើតសេវាសុខាភិបាលឯកជនខុសច្បាប់ បានថយចុះគួរឲ្យកត់សម្គាល់៕ តាឡឹម