ព័ត៌មានទាន់ហេតុការណ៍៖

គួរតែប្រុងប្រយ័ត្នកូនៗរបស់ខ្លួន! យុវតីសិស្សវិទ្យាល័យទួលអំពិលម្នាក់បានរត់គេចពីក្រញាំឧក្រិដ្ឋជនចាប់បង្ខាំងទុក ខណៈក្មេងស្រីជាង១០នាក់ទៀតកំពុងជាប់ឃុំ

ចែករំលែក៖

ភ្នំពេញ៖​ យុវតីសិស្សវិទ្យាល័យទួលអំពិលម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកនៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំងអស់រយះពេលចំនួន២យប់៣ថ្ងៃមកហើយតែនាងមិនចាំច្បាស់នៃទីតាំងបង្ខាំងនោះទេ ដោយនាងសំណាងល្អបានរត់ចេញមកក្រៅ ហើយរកគេជួយ​ នៅល្ងាចថ្ងៃអាទិត្យ ៩រោច​ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ។

បើតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះនៅព្រឹកថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ស៊ុំ ណាវិន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យទួលអំពិល ស្នាក់នៅក្នុងបន្ទុកគ្រួសារ នៅភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដោយកូនគាត់បានចេញពីផ្ទះជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BO -9927 ទៅរៀនគួរកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ លុះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៤ ខែឆ្នាំដ ដែល ក៏បានទទួលទូរសព្ទ័ពីកូនស្រីគាត់និយាយបានតែ២ទៅ៣មាត់ស្រែកឲ្យគាត់ជួយ ស្រាប់តែទូរសព្ទ័បានកាត់ផ្តាច់ប្រពន្ធ័តេទៅវិញលែងចូល។ ហើយរូបលោកជាឪពុក ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសរ និងអាវុធហត្ថខណ្ឌចំការមនឲ្យជួយអន្តរាគមន៍។

ស្រាប់តែនៅវេលាម៉ោង៦យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រូបគាត់ក៏បានទទួលទូរសព្ទ័រោទ៏ ដោយឮតែសម្លេងកូនស្រីជាជនរងគ្រោះតេមកថា ឲ្យគាត់មកទទួលនាងនៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ដោយរូបគាត់មានអារម្មណ៏ត្រេកអរយ៉ាងខ្លាំង ហើយក៏បានចេញទៅដឹកកូនស្រីរបស់គាត់ត្រលប់មកផ្ទះវិញ ខណះពេលបានជួបកូនស្រីគាត់បានឃើញសភាពកូនគាត់ទន់ខ្សោយនិយាយលែងចង់រួច ដោយមានអាការះអស់កំលាំងទន់ខ្សោយសូម្បីអង្គុយស្ទើតែមិនចង់កើត។​

បុរសជាឪពុកបានបន្តថា ពេល ដែលគាត់សួរថាមានរឿងអីកើតឡើងចំពោះកូនស្រី ជនរងគ្រោះក៏បានឆ្លើយថា នាងត្រូវជនមិនស្គាល់មុខចាប់ញាត់ចូលរថយន្តហើយយកមកបង្ខាំងទុកក្នុងផ្ទះមួយកន្លែង ដែលនាងមិនចាំកន្លែងនៅខណ្ឌចំការមន និងមានយុវតីជាង១០នាក់ទៀត ដែលកំពុងឋិតនៅបង្ខាំងទុកជាមួយ និងនាងដែរ។ ដោយយុវតីខាងលើនេះមានសំណាងល្អបានរត់គេចផុតចេញមករួចតែម្នាក់ឯង ហើយក៏បានស្រែកឲ្យគេជួយ ។

ខណៈពេលនេះ ទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលកំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀត ដែលកំពុងតែបង្ខាំងទុកបង្អត់បាយបង្អត់ទឹក និងស្វែងរកចាប់ឧក្រិដ្ឋជនខាងលើមកផ្តន្ទារទោសតាមផ្លូវច្បាប់នាពេលឆាប់ៗខាងមុខនេះ៕ ភារ៉ា ដង្កោ


ចែករំលែក៖