ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូស ក្នុងល្បឿនយ៉ាងលឿន មិនដឹងយ៉ាងមិច ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីជួរអស់២កង់ រីឯរថយន្តបានដាច់កាឡេកង់ម្ខាងទៅមុខលេងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខ ធនាគារ អេសុីលីដា ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក ព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X.0676 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យទ្រូងផ្លូវខ្ទាតចេញពីរជួរអស់២កង់ រីឯរថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ និងដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលេងរួចផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយមកម្ចាស់រថយន្តបង្ក បានបើកទ្វារ ចុះមកហៅម៉ូតូឌុបជិៈរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅកាន់សមត្ថកិច្ច ជំនាញ ចុះមកវាស់វែង នឹងស្ទូចយករថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាលតាមច្បាប់៕ ភារ៉ា ដង្កោ