ភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមប្រមាណ៨រូបត្រូវបានប្រកាសចេញមុខក្នុងក្រុមហ៊ុន៨៨ ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាល្បីឈ្មោះក្នុងបណ្តាញអ៊ីនធើណេតដំបូងគេនៅកម្ពុជា ។ ការប្រកាសចេញមុខតារា៨រូបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពិសេសគឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ និងចំថ្ងៃប្រកាសបើកដំណើរការផ្លូវការរបស់ក្រុមហ៊ុន៨៨នេះផងដែរ ។
ទីផ្សារតម្រូវការនៃការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្នកាន់តែមានសន្ទុះ និងការរីកចម្រើនខ្លាំងរហូតក្រុមហ៊ុន៨៨ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រមូល និងផ្គត់ផ្គង់នូវតម្រូវការនេះ ។ តារាល្បីឈ្មោះលើបណ្តាញទំនាក់ទំនងសង្គម៨រូបដំបូង ដែលត្រូវបានជ្រើសរើសមានដូចជាលោកយក់ ឆេងហាក់, លោក សេង ហួរ, កញ្ញា សាឌី, កញ្ញា សូហ្វី, កញ្ញា ណាកា, កញ្ញា ជីមី លោកឆេកគី … ។
កញ្ញា លាងជា អ្នកគ្រប់គ្រងក្រុមហ៊ុន៨៨បានបញ្ជាក់ថា ក្រុមហ៊ុន៨៨នឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលគ្រប់គ្រងផ្គត់ផ្គង់ជនល្បីលើបណ្តាញសង្គម (influencer) ដូចជាក្នុងFacebook Instagram និងSocial Media ដទៃទៀត ។ កញ្ញាថាក្រុមហ៊ុនបែបនេះបាននឹងកំពុងទទួលបានជោគជ័យខ្លាំងនៅបរទេសហើយនិន្ទាការនៃតម្រូវការទីផ្សាររបស់ពួកគាត់ក៏កំពុងតែមានការកើនឡើងនៅកម្ពុជាផងដែរព្រោះចំនុច ដែលខុសប្លែករបស់ Influencer គឺគាត់មិនត្រឹមតែមានការគាំទ្រច្រើននោះទេតែគាត់អាចបង្រៀនដល់អ្នកដទៃអោយចេះអ្វីៗ ដែលថ្មី និងជឿនលឿនក្នុងរបត់សង្គមថ្មីនេះ ។
កញ្ញាបន្តថាក្នុងឆ្នាំ២០១៧ និង២០១៨នេះមកគេសង្កេតឃើញមានក្រុមហ៊ុនធំៗពិសេសឈ្មោះហាងម៉ាកយីហោល្បីៗលំដាប់អន្តរជាតិច្រើនបានប្រកាសបើកដំណើរការនៅកម្ពុជា ដែលនេះគឺជាឱកាសសម្រាប់ពង្រីកទីផ្សារបស់ពួកគាត់ហើយក្រុមហ៊ុននឹងអាចជួយឲ្យពួកគាត់កាន់តែមានជំនាញគំនិតច្នៃប្រឌិត និងប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀតបូករួមទាំងការផលិតSpot ពាណិជ្ជកម្មវីដេអូផ្សព្វផ្សាយប្រកបដោយគុណភាព និងទទួលបានការពេញចិត្តពីអតិថិជន និងអ្នកគាំទ្ររបស់ពួកគេ ។
ក្រៅពីជនល្បីឈ្មោះទាំង៨រូបខាងលើក្រុមហ៊ុនក៏នឹងប្រកាសដាក់បញ្ចូលនូវតារាថ្មីៗល្បីឈ្មោះនៅកម្ពុជាជាច្រើនទៀតដើម្បីចូលរួមសហការការងារថ្មីនេះឲ្យកាន់តែរលូន ៕ វឌ្ឍនា