ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកគ្នាប៉ះជាមួយរ៉ឺម៉កលក់ពងទាកូនបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅលើស្ពានច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: រថយន្តមួយគ្រឿងបើកទៅបុករ៉ឺម៉ក លក់ពងទាកូន ពីក្រោយពេញទំហឹង រុញទៅបុកផ្ទប់ រថយន្តមួយគ្រឿងទៀត ហើយបន្តទៅបុកផ្ទប់កន្ទុយរថយន្តសណ្ដោងធុនធំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង ១០យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌នៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្តសណ្តោងកុងតឺន័រ (មិនចាំស្លាកលេខ) មួយគ្រឿង និងមានរថយន្ត Camary មួយគ្រឿងទៀត ស្លាកលេខ(នគរបាល) 2-2836 និងបុរសម្នាក់ទៀត កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កលក់ពងទាកូន បានធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Lexus RX400 មួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ(នគរបាល) 2-2114 បើកមកពីក្រោយក្នុងល្បឿន ក្នុងទិសពីលិចទៅកើត ទៅបុកម៉ូតូសណ្តោងរ៉ឺម៉កលក់ពងទាកូនពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ផ្លោង ធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់ ចំណែករ៉ឺម៉កផ្ងារជើងម្ខាងធ្លាក់ទូកញ្ចក់ និងគ្រឿងពងទាកូនចោលពេញផ្លូវ។ ហើយរថយន្តបង្កនៅមិនទាន់ អស់ល្បឿនទេ បានបន្តទៅបុកគូទរថយន្ត Camary មួយគ្រឿងទៀតពេញទំហឹង រួចរុញទៅបុកផ្ទប់កន្ទុយសណ្ដោងរថយន្តកុងតឺន័រ បណ្ដាលឲ្យរថយន្ត Camary រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយខ្ទេចស្ទើរតែទាំងស្រុង ចំណែករថយន្តកុងតឺន័របានបើកបន្តដំណើរទៅមុខទៀត ។ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ រីឯអ្នកបើករថយន្តបង្កបានគេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកវាស់វែង និងស្ទូចយករថយន្ត នៅក្នុងគ្រោះថ្នាក់ចរាចរនេះទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖