ភ្នំពេញ: បុរសម្នាក់ទើបតែទិញឡាំប៉ាតាបាន១ខែ ត្រូវបានជនសង្ស័យឆបោក ដាក់ថ្នាំសណ្តំនាំយកម៉ូតូឡាំប៉ាតា ទៅបញ្ចាំបាន២២០០ដុល្លារយកទៅបាត់ ចំណែកម្ចាស់សល់តែសំបុត្របញ្ចាំ តាំងពីម៉ោង២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១០យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៨២ ជិតនឹងស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានឲ្យជនរងគ្រោះដឹកពីផ្លូវសឡា ទៅផ្លូវលេខ២០០៤ កន្លែងលេងបុកប៊ីយ៉ែ មួយកន្លែង។ ខណៈដឹកជនសង្ស័យបានគាស់បាកាសឲ្យគាត់១កំប៉ុងផឹក និងនិយាយលួងលោមបោកបញ្ឆោត លុះពេលទៅដល់គោលដៅ ជនសង្ស័យបានយកលេខទូរស័ព្ទជនរងគ្រោះទុក ហើយដើរចូលទៅក្នុងបាត់ រហូតជនរងគ្រោះវិលមុខ ធ្វើអ្វីតាមគេបញ្ជារហូត ដោយបានយកម៉ូតូឡាំប៉ាតានេះទៅបញ្ចាំនៅហាងមួយកន្លែងបានលុយ២២០០ដុល្លារ ដោយមានទាំងសំបុត្រពន្ធផងដែរ ហើយយកលុយនោះមកលេងបុកប៊ីយ៉ែជាមួយជនសង្ស័យរហូតចាញ់អស់ពីខ្លួន ត្រូវជនសង្ស័យយកលុយទៅអស់គេចខ្លួនបាត់ ចំណែកខ្លួននៅសល់តែសំបុត្របញ្ចាំ ហើយរាងស្វាងបន្តិច ទើបដឹងខ្លួនថាចាញ់បោកគេ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគបាលប៉ុស្តិ៍ទឹកល្អក់៣ បានឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលអូរបែកក្អមព្រោះទីតាំងកើតហេតុនៅទីនោះ ពេលបានពាក្យបណ្តឹងហើយ ត្រឡប់ មកវិញសមត្ថកិច្ចនឹងជួយអន្តរាគមន៍ឲ្យម្ចាស់ហាងបញ្ចាំឆែកកាមេរ៉ាជូន ដើម្បីឲ្យស្គាល់មុខជនសង្ស័យងាយស្រួលកំណត់មុខសញ្ញានឹងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោទៅតាមច្បាប់ ៕ ជ្រោយពេជ្រ