ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប.ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប.) ប្រកាស ហើយនៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែទុតិ យាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក្នុង នោះគណបក្សប្រជាជនកម្ពុជាមានសំឡេងនាំមុខលើសលប់នៅគ្រប់បណ្តាមណ្ឌល រាជធានី-ខេត្ត ។

តួលេខចុងក្រោយដែលបង្ហាញក្នុង លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តដែលផ្សព្វ ផ្សាយដោយ គ.ជ.ប. បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោតកាលពីថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូត ដល់៦.៩៥៦.៩០០នាក់ដែលស្មើនឹង ៨៣,០២ភាគរយនៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់ ។

សម្រាប់លទ្ធផលបណ្តោះអាសន្ននេះ គណបក្សប្រជាជនកម្ពុជាដែលជាគណ បក្សកាន់អំណាចបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់៤.៨៨៩.១១៣សំឡេង។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ៣៧៤.៥១០ សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានសំឡេង៣០៩.៣៦៤ សំឡេង និងគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោក គង់ គាំ ទទួលបានសំឡេង ២១២.៨៦៩សំឡេង ។

ទោះជាយ៉ាងនេះក្តីក្នុងការប្រកាស លទ្ធផលបណ្តោះអាសន្ននេះមិនទាន់ឃើញ មានការបង្ហាញចំនួនអាសនៈនៅក្នុងរដ្ឋ សភាដែលគណបក្សនីមួយៗទទួលបាន នៅឡើយទេ។ ប៉ុន្តែបើតាមការគណនាតាមរូបមន្តដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ

គឺតាមរយៈសំឡេងដ៏ច្រើនលើសលប់នេះ គណបក្សប្រជាជនកម្ពុជាអាចនឹងទទួលបានអាសនៈទាំងអស់ចំនួន១២៥នៅក្នុង រដ្ឋសភាតែម្តង ។

យ៉ាងណាក៏ដោយបន្ទាប់ពីប្រកាស លទ្ធផលបណ្តោះអាសន្ននេះ គ.ជ.ប ក៏ អនុញ្ញាតឱ្យគណបក្សផ្សេងៗដែលចូលរួមក្នុងការបោះឆ្នោត ដាក់ពាក្យប្តឹងតវ៉ាផងដែរ ប្រសិនបើជំទាស់ទៅនឹងការប្រកាសលទ្ធផលនេះ។ បើសិនជាការប្តឹងជំទាស់មិន កើតមាន ឬដោះស្រាយទាន់ពេលវេលា លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨តែម្តង ។

ខាងក្រោមនេះជាលទ្ធផលបណ្តោះ អាសន្នទាំងស្រុងដែលបង្ហាញដោយ គ.ជ.ប.៖

 


ចែករំលែក៖