អាជ្ញាធរខេត្តកំពង់ចាម ក្រោមអំណាចចាត់ចែងលោកគួច ចំរើន ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមខ្សឹបខ្សៀវតៗគ្នាថា ជាអ្នកបិទភ្នែកឃុបឃិតឲ្យជញ្ជីថ្លឹងរថយន្ត ដែលបោះទីតាំងនៅលើផ្លូវជាតិលេខ៧១ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានទទួលភាគផលនៃអំពើពុករលួយ ទាំងនោះ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តខែលជ័យ ដែលមានទីតាំងនៅភូមិ-ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រព្រឹត្តនូវអំពើពុករលួយដោយគាបសង្កត់អ្នកដឹកទំនិញឲ្យពួកខ្លួន បើទោះបីជារថយន្តដឹកទំនិញនោះមិនលើសទម្ងន់ក៏ដោយ ។ ដោយឡែក រថយន្តដឹកទំនិញលើសទម្ងន់ត្រូវពួកគេគាបសង្កត់កំណត់ឲ្យបង់ប្រាក់លើសលប់ និងទាមទារឲ្យបង់ដាក់ខែទៀតផង ។ ប្រធានស្ថានីយជីញ្ជីង ឈ្មោះ នួន គឹមហេង និងហែហមដោយអនុប្រធានឈ្មោះ សេង សុង បាននិងកំពុងសហការគ្នា ក្នុងការប្រព្រឹត្តអំពើពុករលួយនេះ ។
លោកនួន គឹមហេង និង សេង សុង ត្រូវគេអះអាងថា បាននិងកំពុងប្រមូលផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើផ្លូវជាតិលេខ៧១ ។ អាជ្ញាធរខេត្តកំពង់ចាម ក៏បានជ្រាបអំពីបញ្ហាដែលប្រធាន និងអនុប្រធានទាំងពីរសហការគ្នាប្រព្រឹត្តអំពើពុករលួយពីរថយន្តដឹកទំនិញ ក្នុងមួយថ្ងៃៗរាប់រយគ្រឿងនោះដែរ ។ ប៉ុន្តែផលប្រយោជន៍មួយចំនួនរបស់លោក នួន គឹមហេង និងសេង សុង ត្រូវក្រុមមន្ត្រីមន្ទីរសាធារណការយល់ថា បានចែករំលែកឲ្យថ្នាក់ដឹកនាំខេត្តមួយចំណែកដែរ ។ ប្រសិនបើថ្នាក់ដឹកនាំខេត្ត ពិសេសលោកគួច ចំរើន មិនបានផលប្រយោជន៍ពីពពួកមេៗជញ្ជីងនេះទេនោះ មុខជាមិនបណ្តោយឲ្យ នួន គឹមហេង និងសេង សុងជិះសេះលែងដៃយ៉ាងនេះទេ ។
គេរាយការណ៍ថា រថយន្តដឹកទំនិញ, ដឹកកសិកផលដូចជាដំឡូងមី, ដឹកឈើ កៅស៊ូ និងដឹកដើមស្វាយចន្ទី… សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកនួន គឹមហេង និងសេង សុង បើទោះបីជារថយន្តទាំងនោះមិនលើសទម្ងន់ក៏ដោយ ។ រីឯរថយន្តដែលផ្ទុកលើសទម្ងន់ ត្រូវពួកគេគាបសង្កត់ទារលុយតាមចិត្ត និងមិនតែប៉ុណ្ណោះគំរាម រើឥវ៉ាន់ចេញទៀតផង ។ ចំណូលដែលបានមកពីអំពើទាំងនេះ វាបានហូរចូលទៅហោប៉ៅឯកជនរបស់នួន គឹមហេង និងសេង សុង និងមួយផ្នែកចែករំលែកឲ្យថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រសួងសាធារណការខ្លះ ៕