ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានវិបត្តិផ្លូវចិត្តទើបព្យាយាមសម្លាប់ខ្លួនទាល់តែបានសម្រេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់កូនប្រទះឃើញចងកធ្វើអត្តឃាតនៅរោងគោ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នៅគ្រាដែលជនរងគ្រោះរូបនេះព្យាយាមនាកន្លងមក ។

ហេតុការណ៍ចងកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង០០នាទី ល្ងាចថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចរោងគោ ក្បែផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យនគរវត្តដឹងថា ជនរងគ្រោះ(ស្លាប់)ដោយចងកធ្វើអត្តឃាតឈ្មោះ សុខ បុិន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ភិន សាត(ស្លាប់) និងកូនប្រុសស្រីចំនួន ៣នាក់ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

ប្រភពខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)នាកន្លងមកបានព្យាយាមចងកធ្វើអត្តឃាតម្ដងរួចមកហើយតែមិនបានសម្រេច លុះពីរបីថ្ងៃមុនកើតហេតុនេះគាត់ផឹកស្រាច្រើនខុសប្លែក ហើយនៅពេលគាត់ចូលផ្ទះចេះតែខ្លាចនេះខ្លាចនោះ និងរត់គេចប៉ុន្តែគ្មានកូនណាចាប់អារម្យ លុះនៅម៉ោងខាងលើពេលកូនដើរត្រឡប់មកពីមើលទូរទស្សន៍ផ្ទះអ៊ុំ ឃើញឪពុកចងព្យួកដោយក្រម៉ាពណ៏ក្រឡេក្រឡានៅរោងគោស្លាប់ទៅហើយ ក៏យកកាំបិតកាត់ទម្លាក់បង្កការភ្ញាក់ផ្អើលតែម្ដង ។

ប្រភពដដែលបន្តប្រាប់នគរវត្តទៀតថា ក្រោយកើតហេតុស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងស្រាវជ្រាវដើម្បីស្រង់យកចម្លើយ លទ្ធផល៖ លើខ្លួនប្រាណសាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ក្នុងករណីឃាតកម្មនោះឡើយ ទើបយើងធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បឹុម ពិន


ចែករំលែក៖