ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូកៀររ៉ឺម៉កដួលបោកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងជិះម៉ូតូកៀរឺុម៉កម៉ូតូចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេជ នៅលើកំណាត់ផ្លូវកៅស៊ូស្របមាត់ស្ទឹងពោធិ៍សាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូកៀររឺុម៉កខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៣០១ ស្របមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតក្នុងភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យនគរវត្តដឹងថា ជនរងគ្រោះឈ្មោះ ភួន ចាន់ភឿន ហៅពែក ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។ ចំណែកភាគីខាងម្ចាស់ម៉ូតូម៉កកែច្នៃឈ្មោះ ហុីង សេងគី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ។

ប្រភពខាងលើបន្តថា មុនដំបូងគេឃើញជនរងគ្រោះជិះម៉ូតូ ១គ្រឿងម៉ាក ហុងគប់ ចង្គៀងមូល ពណ៏ទឹកប៊ិច គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុករ៉ឺម៉កម៉ូតូ(កែច្នៃ)ដែលចតនៅលើចិញ្ចើមផ្លូវខាងស្តាំដៃ បណ្ដាលដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។

ប្រភពដដែលបន្តប្រាប់នគរវត្តទៀតថា ក្រោយកើតហេតុមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សាកសព ចំណែកវត្ថុតាងម៉ូតូរឺុម៉ក(កែច្នៃ) និងម៉ូតូជនរងគ្រោះ(ស្លាប់)បានយកមករក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំឯកសារចាត់ការបន្តតាមនីតិវិធី ៕ បឹុម ពិន


ចែករំលែក៖