ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ សេង សំណាង ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ មេផ្ទះ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានបាត់រថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-2138 កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ។
ដោយសារតែរថយន្តខាងលើមានបំពាក់ប្រពន្ធ័GPSកម្លាំងជំនាញនៃអធិការដ្នាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ក៏បានស្រាវជ្រាវ រកឃើញរថយន្តនៅចំណុចផ្ទះរបស់ឈ្មោះ ឈាវ រដ្ឋា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក រីដារ៉ា អធិការស្ដីទីស្រុកសាលាក្រៅបានឱ្យដឹងថា៖ការឈានចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់នៅចំណុចកាស៊ីណូ(ជីអ៊ឹម) ជនសង្ស័យឈ្មោះ តាន់ វណ្ណថនា ភេទ ប្រុស អាយុ ៤១ឆ្នាំមុខរបរជាចោរលួចដ៏ទំនើង និងទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្ថិ៍ស្ទឹងកាច់នាំយកមកអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅដើម្បីចាត់ការទៅតាមច្បាប់ ៕ ស សារ៉េត