ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកក្បាលនាគ ចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបូសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃពុធ ៤ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យ កុមារជាតិ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-7697 បើកក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួល បោកនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ