ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកចៅប្រុស ស្រី២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីអ្នកទាំង៣ជិះម៉ូតូមួយគ្រឿង បើកបរដោយចៅប្រុស បើកបោះពួយល្បឿនលឿន ជែងរថយន្តខាងមុខ ជ្រុលទៅបុកឡើងសួនទ្រូងផ្លូវ ដួលបោក តែម្តង កាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
ជនរងគ្រោះ ស្លាប់នៅកន្លែងមានឈ្មោះ មូ ថេង អាយុ៥៤ឆ្នាំ មានទីលំនៅភូមិមេសព្រះច័ន្ទ ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកចៅ២នាក់រងរបួស ១ ឈ្មោះ ខេមរា ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ ។ ទី២ ឈ្មោះ ខេមរា លក្ខិណាពេជ្រ ភេទស្រី អាយុ៧ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-4694 ដោយចៅប្រុសឈ្មោះ ខេមរា ជីវ័ន្ត ជាអ្នកបើកបរ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ៣នាក់ជីដូន និងចៅ ជិះម៉ូតូស្កុបពី ចៅប្រុសជាអ្នកបើកបរ បើកក្នុងល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជែងរថយន្តខាងមុខពីខាងឆ្វេងដៃ តែដោយសារកង្វះការប្រុងប្រយ័ត្ន ម៉ូតូរេចង្កូតបុកឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដួលបោកស្លាប់ជីដូនភ្លាមៗនៅកន្លែង ចំណែកចៅប្រុស-ស្រីទាំង២នាក់រងរបួសជើង ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា ចំណែកសាកសពជីដូន ក្រោយសមត្ថកិច្ចជំនាញពិនិត្យស្លាកស្នាមរួច ទំនាក់ទំនងទៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកពារាំង ដោយឡែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅផ្នែកជំនាញ ជាបណ្តោះអាសន្ន ៕ ជ្រោយពេជ្រ