ប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់បធ្វើឲ្យរថយន្តវីហ្គោ១គ្រឿង រងការខូចខាត ចំណែកមនុស្សប្រុស ស្រី៤នាក់ ក្នុងចំណោមនោះម្នាក់ បានស្លាប់ ដោយសាររថយន្តដឹកដីរេចង្កូតបុកអូសប្រហែល១០ម៉ែត្រ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង ៤០នាទី លើផ្លូវជាតិលេខ៥ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចចរាចរណ៍បញ្ជាក់ថា មុនកើតហេតុ មានរថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3200 បើកបរគោលដៅពីលិចទៅកើត ក្នុងល្បឿនលឿន រេពេញផ្លូវ គេសង្ស័យស្រវឹង លុះបើកបរដល់ចំណុចកើតហេតុ បានរេចង្កូតទៅស្តាំធ្លាក់ទៅជាយខាងត្បូងផ្លូវជាតិ ហើយរថយន្តធុនធំខាងលើបានបួងចង្កូតបណ្តាលឲ្យជ្រុលទៅទ្រូងផ្លូវខាងឆ្វេង ក៏មានរថយន្តវីហ្កោ១គ្រឿង ពណ៌ទឹកមាស បើកបរពីកើតទៅលិច(ច្រាស់ទិសគ្នា) បានគេចរថយន្តដឹកដីខាងលើផុត ជ្រុលចង្កូតធ្លាក់ប្រឡាយរងការខូចខាត ធ្វើឲ្យអ្នកបើកបរ មីង និងក្មួយប្រុស រងរបួសស្រាល ហើយរថយន្តដឹកដីខាងលើបានជ្រុលបុកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ បើកបរពីកើតទៅលិច បណ្តាលឲ្យមនុស្ស២នាក់ គឺម្នាក់ស្លាប់នៅកន្លែងនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ង ន់ដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ជួប ភរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងសិប្បកម្មតុ ទូ រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ប៉ ខេត្តបជ (ស្លាប់នៅនឹងកន្លែង)ជាអ្នកបើកបរម៉ូតូ និងឈ្មោះ សុខ សុគន្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់)ជាអ្នករួមដំណើរលើម៉ូតូ ។
ចំណែកអ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់ ។ រីឯវត្ថុតាងទាំងអស់រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា